ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​ប័ណ្ណ​សរសើរ​ដល់​និស្សិត​ឆ្នាំ​សិក្សា ២០១២-២០១៣

facebookgoogle_pluslinkedinmail

សាកល​វិទ្យាល័យ​អន្តរជាតិ បាន​ប្រគល់​វិញ្ញាបនបត្រ និង​បណ្ណ​សសើរ​ដល់​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ឆ្នាំ​សិក្សា ២០១២-២០១៣ ចំនួន ៨៦២ នាក់ និង​និស្សិត​ឆ្នើម​ចំនូន ២៧០ នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី ​១៤ កុម្ភៈ ២០១៤ ក្រោម​អធិបតី​ភាព​ឯក​ឧត្ដម​សាស្ត្រា​ចារ្យ​មហា​បរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ និង​លោក​ជំទាវ អ៊ុក រ៉ាវីន។

certificate-feb-2014-004

លោក ទេព ណាវុធ សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ បាន​ឡើង​មាន​មតិ​ស្វាគមន៍​ដល់​អង្គ​ពិធី និង​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ដល់​ប្អូនៗ​និស្សិត​ដែល​បាន​បញ្ចប់​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន និង​ប្អូន​និស្សិត​ឆ្នើម។ លោកក៏​បាន​ផ្ដល់​របាយការណ៍​ត្រួសៗ អំពី​កិច្ច​ការ​ដែល​សាកល​វិទ្យាល័យ​សម្រេច​បាន​ក្នុង​ឆ្នាំ​សិក្សា​កន្លង​មក។ លើស​ពី​នេះ​ លោក​សាកល​វិទ្យាធិការ​រង បាន​ធ្វើ​ការ​សំណេះ​សំណាល និង​ផ្ដល់​អនុសាសន៍​ដល់​និស្សិត​ដែល​បាន​ចូល​រួម​ពិធី ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ការ​សិក្សា ក៏​ដូច​ជា​ពង្រឹង​នូវ​សមត្ថភាព​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​សមាហរណកម្ម​អាស៊ាន​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

certificate-feb-2014-002

កញ្ញា រិទ្ធ ស៊ូសាន តំណាង​ឲ្យ​និស្សិត​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ​ទាំង​អស់​ បាន​ឡើង​ថ្លែង​អំពី​​ចំណាប់​អារម្មណ៍ និង​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​ដល់​អង្គ​ពិធី ក៏​ដូច​ជា​ថ្លែង​អំណរ​គុណ​ដល់​សាកល​វិទ្យាធិការ គណៈ​គ្រប់​គ្រង សាស្ត្រាចារ្យ​ទាំង​អស់​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ ដែល​តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ណែនាំ បង្ហាត់​បង្រៀន​ដល់​និស្សិត​ឲ្យ​មាន​ចំណេះ​ដឹង ចំណេះ​ធ្វើ ដើម្បី​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ថ្ងៃ​អនាគត។

certificate-feb-2014-008

ឯក​ឧត្ដម​សាស្ត្រា​ចារ្យ​មហា​បរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ បាន​ឡើង​ថ្លែង​អំណរ​គុណ​ដល់​សាស្ត្រាចារ្យ និស្សិត ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ទាំង​អស់​ដែល​បាន​ចូល​រួម​ក្នុង​ពិធី។ លោក​ឯក​ឧត្ដម​ក៏​បាន​រំឭក​អំពី​ប្រវត្តិ​នៃ​ការ​កសាង​សាកល​វិទ្យាល័យ​ដោយ​​ឯក​ឧត្ដម អ៊ួន សាបូ អតីត​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ។ ឯក​ឧត្ដម​សាកល​វិទ្យាធិការ សាបូ អូហ្សាណូ បាន​ថ្លែង​កោត​សរសើរ​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​របស់​និស្សិត និង​ផ្ដល់​ជា​អនុសាសន៍​ឲ្យ​ប្អូនៗ និស្សិត​បន្ត​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ខ្លួន​តទៅ​ទៀត​រហូត​ដល់​បញ្ចប់​ការ​សិក្សា។ ឯក​ឧត្ដម​សាកល​វិទ្យាធិការ​ក៏​បាន​បញ្ជាក់​អំពី​ការ​អភិវឌ្ឍ និង​ការ​ធានា​គុណភាព​អប់រំ​របស់​សាកល​វិទ្យាល័យ​អន្តរជាតិ ដែល​សាកល​វិទ្យាល័យ​នេះ​បង្កើត​ឡើង​ជាង ១១ ឆ្នាំ​មក​ហើយ និង​ជា​គ្រឹះ​ស្ថាន​ឯកជន​ដំបូង​គេ​បង្អស់​ដែល​បណ្ដុះ​បណ្ដាល​វិស័យ​វេជ្ជសាស្ត្រ។ សាកល​វិទ្យាល័យ​មាន​សាស្ត្រាចារ្យ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ និង​​ត្រូវ​បាន​តែង​តាំង​ដោយ​ប្រមុខ​រាជ​រដ្ឋាភិបាល​ជា​ច្រើន​នាក់។ សាកល​វិទ្យាល័យ​មាន​បំពាក់​ឧបករណ៍​ទំនើបៗ សម្រាប់​ឲ្យ​និស្សិត​ធ្វើ​ការ​សិក្សា និង​មាន​មន្ទីរ​ពេទ្យ​ផ្ទាល់​ខ្លួន សហគ្រាស​ផលិត​ឱសថ គ្លីនិក​ធ្មេញ ដែល​និស្សិត​អាច​ចុះ​អនុវត្ត​ដោយ​ផ្ទាល់។

certificate-feb-2014-001

ជា​ចុង​ក្រោយ ឯក​ឧត្ដម​សាកល​វិទ្យាធិការ និង​គណៈ​គ្រប់​គ្រង​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ បាន​ធ្វើ​ការ​ចែក​ជូន​ប័ណ្ណ​សរសើរ​ដល់​និស្សិត​ឆ្នើម និង​វិញ្ញាបនបត្រ​ដល់​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​​ទាំង​អស់​ប្រកប​ដោយ​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ក្រៃលែង។

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.