បេក្ខជន​ចំនួន​៦​រូប​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ ឡើង​ការពារ​និក្ខេបបទ​ថ្នាក់​វេជ្ជបណ្ឌិត

facebookgoogle_pluslinkedinmail

បេក្ខជន​ ២ ​ក្រុម ចំនួន​៦​រូប ដែល​បាន​សិក្សា​លើ​មុខ​ជំនាញ​ពេទ្យ នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ បាន​ឡើង​ធ្វើ​ការ​ការពារ​និក្ខេបបទ​ថ្នាក់​វេជ្ជ​បណ្ឌិត​របស់​ខ្លួន រសៀល​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៣ ដែល​ក្នុង​នោះ ​ក្រុម​ទី​១ មាន​​បេក្ខជន​៣​រូប គឺ ស៊ង់ ពិសិដ្ឋ, ផង់ ឆៃដែន និង ឆាយ គឹមស្រេង ធ្វើ​ការ​ការពារ​និក្ខេបបទ​លើ​ប្រធាន​បទ​ដែល​ទាក់ទង់​ទៅ​នឹង​ចំណេះដឹង​ដែល​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ អំពី​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ជំងឺ​លើ​ឈាម។ ឯ​ក្រុម​ទី២ មាន​បេក្ខជន​៣​រូប​ដែរគឺ ម៉ៅ ភីរម្យ, ស៊ាម សុភា និង យុន សោភ័ណតារា លើ​ប្រធានបទ​ស្ដី​អំពី​ជំងឺ​​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល។

doctor-thesis-1

ក្នុង​ការ​ការពារ​និក្ខេបបទ​ថ្នាក់​វេជ្ជបណ្ឌិត​នេះ បេក្ខជន​ក្រុម​ទី១​បាន​បង្ហាញ​ថា ជំងឺ​លើស​សម្ពាធ​ឈាម ច្រើន​កើត​នៅ​លើ​មនុស្ស​ពេញ​វ័យ ពី​អាយុ​២៥ ដល់ ៦៤​ឆ្នាំ។ ជំងឺ​ប្រភេទ​នេះ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ជំងឺ​ទាំង​ឡាយ​ណា​ដែល​មិន​បាន​ស្វែងរក​ការព្យាបាល និង​ការ​ណែនាំ​ពី​គ្រូពេទ្យ ពោល​គឺ​អ្នក​ជំងឺ​ត្រូវ​ទៅ​ពិនិត្យ​ដើម្បី​ទទួល​បាន​នូវ​ដំបូន្មាន​ពី​ក្រុម​គ្រូពេទ្យ​ធ្វើ​ទៅ​តាម​វេជ្ជ​បញ្ជា ពិសេស​ត្រូវ​ទទួល​ទាន​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់។ បេក្ខជន​ក្រុម​ទី​១ ក៏​បាន​បង្ហាញ​ពី​កត្តា​ប្រឈម​សំខាន់ៗ​មួយ​ចំនួន ដែល​នាំ​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម រួម​មាន​ការ​លើស​ទម្ងន់ ការ​ជក់​បារី​ច្រើន​ពេក ការ​ពិសា​ស្រា​ច្រើន​ពេក ការ​ទទួល​អាហារ​ដែល​ប្រៃ​ពេក​ការ​មិន​បញ្ចេញ​ពលកម្ម និង​កត្ត​ធុញ​ថប់​ក្នុង​អារម្មណ៍ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កើត​នូវ​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ជំងឺ​លើស​ឈាម។

doctor-thesis-2

ចំណែក​បេក្ខជន​ក្រុម​ទី​២ បាន​លើក​ឡើង​នូវ​ប្រធានបទ​ស្ដី​អំពី​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល​បាន​បង្ហាញ​ថា ជំងឺ​ប្រភេទ​នេះ​ច្រើន​តែ​កើត​មាន​ទៅ​លើ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ ពិសេស​ចំពោះ​អ្នក​ដែល​លើស​ទម្ងន់ អ្នក​ចូល​ចិត្ត​ពិសារ​ស្រា​ច្រើន អ្នក​ដែល​ទទួល​ទាន​បារី​ច្រើន ឬ​អ្នក​ដែល​គិត​ច្រើន​ជា​ដើម។ ក្រុម​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រងគ្រោះ​ភាគ​ច្រើន ច្រើន​តែ​មិន​បាន​ដឹង​ខ្លួន​ជា​មុន​ទេ​ថា ខ្លួន​អាច​កើត​មាន​ជំងឺ​ប្រភេទ​នេះ។

ក្រោម​ពី​បាន​ស្ដាប់​បទ​បង្ហាញ​របស់​ក្រុម​នីមួយៗ និង​ការ​សាកសួរ​ដេញដោល ពី​គណៈ​មេ​ប្រយោគ​ទាំង​៥​រូប ដែល​ដឹក​នាំ​ដោយ​លោក​សាស្ត្រាចារ្យ​មហា​បរិញ្ញា សារ៉ាក់ ផល្លី គណៈ​មេ​ប្រយោគ​បាន​សម្រេច​ជា​ឯកច្ឆ័ន ផ្ដល់​ជូន​ថ្នាក់​ជូន​ថ្នាក់​វេជ្ជបណ្ឌិត​ដល់​បេក្ខជន​ទាំង​៦​រូប ជា​ផ្លូវ​ការ​នា​ពេល​នោះ ព្រម​ទាំង​បាន​ណែនាំ​ដល់​លោក​វេជ្ជបណ្ឌិត​ដែល​ទើប​ជាប់​ថ្មី​ទាំង​៦​រូប ត្រូវ​គោរព​ឲ្យ​បាន នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន នា​ពេល​បំពេញ​ការងារ​ជា​គ្រូ​ពេទ្យ ជា​វេជ្ជ​បណ្ឌិត សក្តិសម​ជា​ទី​ពឹង​នៃ​អ្នក​ជំងឺ​ទាំង​ឡាយ ដែល​បាន​មក​រក​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​អំពី​យើង។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ ក្នុង​ការពារ​និក្ខេបបទ ថ្នាក់​វេជ្ជបណ្ឌិត​រួច​មក​បេក្ខជន​ទាំង​៦​រូប ក៏​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត ចំពោះ​គណៈ​មេ​ប្រយោគ​ទាំង​៥​រូប នា​ឱកាស​នោះ​ផង​ដែរ។

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.