គ្រូ​ពេទ្យ​ជប៉ុន ៩ រូប​ទទួល​វិញ្ញាបនបត្រ​សាស្រ្តចារ្យ​កិត្តិយស​ ពី​សាកលវិទ្យាល័យ អន្តរជាតិ ​

facebookgoogle_pluslinkedinmail

គ្រូពេទ្យ​ឯកទេស​ជប៉ុន ​៩ រូប​បាន​ទទួល​វិញ្ញាបនបត្រ​សាស្រ្តចារ្យ​កិត្តិយស​​ពី​សាកលវិទ្យាល័យ អន្តរជាតិ​ ក្រោយ​ពេល​បំពេញ​បេសកកម្ម​សប្បុរសធម៌​លើ​ការងារ​ប្រព័ន្ធ​ឯកទេស លាង​ឈាមជិត​មួយ​ឆ្នាំ នៅ​មជ្ឈម​ណ្ឌល​លាង​ឈាម​មិត្តភាព​កម្ពុជា-​ជប៉ុន នៃ​សាកលវិទ្យាល័យ​ អន្តរជាតិ។

japan-doctor-07

ពិធី​ប្រគល់​​​វិញ្ញាបនបត្រ​កិត្តិយស​នេះ​ ក៏​មាន​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​​យោគយល់​​គ្នាផង​ដែរ​ រវាង​សាកលវិទ្យាល័យ អន្តរជាតិ​ និង​អង្គការ​ក្រុម​ប្រឹក្សា​ជំនួយ​ជប៉ុន​សម្រាប់​​ការ​បង្កើតប្រព័ន្ធ​ឯកទេស​​លាង​ឈាម​នៅកម្ពុជា។

japan-doctor-05

ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សាកលវិទ្យាល័យ អន្តរជាតិ កាល​ពី​រសៀល​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ ២០១៤ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ ឯ.ឧ បណ្ឌិតសភាចារ្យ​ សំ​ សុភ័ណ​ ប្រធាន​ ក្រុម​ប្រឹក្សា​​វិទ្យាសាស្រ្ត​នៃសាកលវិទ្យាល័យ អន្តរជាតិ​ លោក​ជំទាវ អ៊ុក​ រ៉ាវីន​ សាកល​វិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ អន្តរជាតិ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ HARUKI WAKAI ប្រធានក្រុម​អង្គការ​ក្រុម​ប្រឹក្សា​ជំនួយ​ជប៉ុន​ សម្រាប់​​ការ​បង្កើត​ប្រព័ន្ធ​ឯកទេស​​លាងឈាម​នៅ​កម្ពុជា​ និង​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​ជប៉ុន​-កម្ពុជា ព្រម​ទាំង​និស្សិត​​ជាច្រើន​រូប​ទៀត។

japan-doctor-01

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ HARUKI WAKAI​ ប្រធាន​ក្រុម​នៃ​អង្គការ​ក្រុម​ប្រឹក្សា​ជំនួយ​ជប៉ុន​ សម្រាប់​​ការ​បង្កើត​ប្រព័ន្ធ​ឯកទេស​​លាង​ឈាម​នៅ​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​​ បេសកកម្ម​ដ៏​មាន​តម្លៃ​មួយ​ដែល​ក្រុម​របស់​​លោក​បាន​បំពេញ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ក្នុង​រយៈពេល​​ជិត​មួយ​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ​ អន្តរជាតិ​ ជា​ពិសេស​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ អន្តរជាតិ​ សែន​ សុខ​។ ការងារ​លាង​ឈាម​នេះ​​មាន​ឧត្តម​ប្រយោជន៍​ខ្លាំង​ណាស់​ ព្រោះ​បាន​​ជួយជីវិត​មនុស្ស និង​ជា​ពិសេស​​បាន​ផ្ដល់​​ការ​បណ្ដុះ​បណ្ដាល ដល់​​ក្រុម​គ្រូពេទ្យ​ និង​និស្សិត​​នៅ​កម្ពុជា​​ឱ្យ​កាន់​​តែ​មាន​ការ​រីក​ចម្រើន​លើ​វិស័យ​នេះ។

japan-doctor-06

ជា​ការ​ឆ្លើយ​តប​ និង​ពង្រឹង​ចំណង​មិត្តភាព​ លោក​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត​ HARUKI WAKAI​​បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ផ្ដល់​​អាហារូបករណ៍​ដល់​​និស្សិត​ឆ្នើម នៃ​សាកលវិទ្យាល័យ អន្តរជាតិ​ ទៅ​បំប៉ន​វគ្គ​សិក្សា​ លើ​ឯកទេស​លាង​ឈាម​នៅ​ប្រទេស​ជប៉ុន​ ដែល​មាន​រយៈ​​ពេលចាប់​​ពី ២ សប្ដាហ៍​រហូត​ដល់ ​១ ខែ​ ដោយ​រូប​លោក​ជា​អ្នក​ចេញ​ថ្លៃ​សំបុត្រ​​យន្ដ​ហោះ​ទៅ​មក​ ការ​ស្នាក់​​អាស្រ័យ​ និង​ការ​ហូប​ចុក។

japan-doctor-02

ឯ.ឧ បណ្ឌិត​សភាចារ្យ​ សំ​ សុភ័ណ​ ប្រធាន​ក្រុម​ប្រឹក្សា​​វិទ្យាសាស្រ្ត​នៃ​សាកលវិទ្យាល័យ អន្តរជាតិ​​ បាន​បញ្ជាក់​ថា​ ការ​ផ្ដល់​ជូន​ងារ​ជា​សាស្រ្តាចារ្យ​កិត្តិយស​នេះ គឺ​ក្រុម​ការងារ​ឯកទេស​លាងឈាម​ជប៉ុន​ បាន​បំពេញ​សកម្មភាព​ដ៏​សំខាន់​ ពោរពេញ​ទៅ​ដោយ​​ខ្លឹមសារ ​នៅ​ក្នុង​ស្ថាបន​​សិក្សា​ធិការ​ ឬ​សម្រាប់​​បញ្ញវន្ដ​​ទាំង​ឡាយ​ណា​ ដែល​បាន​​បំពេញ​នូវ​ភារកិច្ច​វិជ្ជាជីវៈ​របស់​​ខ្លួន​ ប្រកប​ដោយ​មនសិការ​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។ ជា​ពិសេស​បញ្ញវន្ដ​ដែល​បាន​បំពេញ​ នូវភារកិច្ច​បន្ថែម​នៅ​ក្នុង​សាកលវិទ្យាល័យ​ផ្សេង​ទៀត​ ក្រៅ​ពី​ស្ថាប័ន​ដែល​ខ្លួន​បម្រើការ តាម​ការអញ្ជើញ​របស់​​សាកលវិទ្យាល័យ​នោះ ឬ​ក៏​តាម​ការ​ស្ម័គ្រ​ចិត្ត​របស់​​ខ្លួន។

japan-doctor-03

លោក​សាស្រ្តាចារ្យ​ នេត បារ៉ុម​ សាកលវិទ្យាធិការ​រង​ នៃ​សាកលវិទ្យាល័យ អន្តរជាតិ​ បាន​​ឱ្យដឹង​ថា​ កិច្ច​សហ​ប្រតិបត្តិការ​លើ​ឯកទេស​លាង​ឈាម​​ជាមួយ​ជប៉ុន​នេះ គឺ​បាន​ធ្វើ​ឡើង​ជារៀង​រាល់​​ឆ្នាំ ដោយ​ចុះ​ហត្ថលេខា​​លើ​អនុស្សរណៈ​យោគយល់​​គ្នា​មួយ​ឆ្នាំ​ម្ដង​ ហើយ​បាន​ចាប់​ដំណើរការ​តាំង​ពី​ឆ្នាំ ២០១០ មកម៉្លេះ។ ការ​លាង​ឈាម​របស់​​ក្រុម​គ្រូពេទ្យ​ជប៉ុន​នេះ គឺ​បានបម្រើ​​ដល់​​អ្នក​ជំងឺ​ឥត​គិត​ថ្លៃ និង​ជួយ​បណ្ដុះ​បណ្ដាល​ដល់​​គ្រូពេទ្យ​ និស្សិត​ពេទ្យ​កម្ពុជា​ លើ​ឯកទេស​​លាង​ឈាម ឱ្យ​មាន​ការ​ចេះ​ដឹង​​កាន់​​តែ​ច្រើន​ឡើងៗ ព្រោះ​នៅ​កម្ពុជា​មាន​មជ្ឈមណ្ឌល​ លាង​ឈាម​តិច​នៅ​ឡើយ​ គឺ​យ៉ាង​ច្រើន​មាន​តែ ៥ កន្លែង​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ជប៉ុន​វិញ​ មាន​ជាង​ ៤ ពាន់​​មជ្ឈមណ្ឌល​ឯណោះ។

japan-doctor-04

លោក​សាស្រ្តាចារ្យ​ នេត បារ៉ុម​ បាន​​មាន​ប្រសាសន៍​ទៀត​ថា​ ការ​លាង​ឈាម​មាន​សារ​សំខាន់​ណាស់​ ព្រោះ​វា​បាន​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​ធូរ​ស្រាល​ និង​ជា​សះស្បើយ​ពី​ជំងឺ​ផ្សេងៗ។​ ការ​លាងឈាម​នេះ​ទៀត​សោត រាល់​​ដំណើរ​ការ​ម្ដងៗ មិន​មាន​គ្រោះ​ថ្នាក់​​អ្វី​នោះ​ទេ ហើយ​អ្វី​ដែល​ជាទំនុក​ចិត្ត​នោះ គឺ​នៅ​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ អន្តរជាតិ​ សែន​ សុខ​ មាន​មជ្ឈ​មណ្ឌល​​លាង​ ឈាម​មិត្តភាព​កម្ពុជា-​ជប៉ុន​ បំពាក់​​ដោយ​ឧបករណ៍ សម្ភារ​ទំនើប​ៗ សម្រាប់​​បម្រើ​សេវាព្យាបាល​ដល់​​អ្នក​ជំងឺ៕

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.