ក្រុមនិស្សិតសាលាពេទ្យ IU ទទូចស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ទៅក្រសួងសុខាភិបាល
រាជធានីភ្នំពេញ ៖ បន្ទាប់ពីអស់សង្ឃឹមរង់ចាំជិតមួយឆ្នាំកន្លងមក ក្រុមនិស្សិតពេទ្យនៃសាកលវិទ្យាល័យអន្តរជាតិ (IU) ដែលប្រឡងចេញកាលពីខែមិថុនា ២០១៤ បានអំពាវនាវទទូចស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដល់ក្រសួងសុខាភិបាល ឲ្យបញ្ចេញលទ្ធផលជាផ្លូវការនៃការប្រឡងបញ្ចប់ការសិក្សារបស់ពួកគេ ដើម្បីមានឱកាសប្រឡងចូលក្របខណ្ឌក្រសួងសុខាភិបាល ដែលនឹងប្រព្រឹត្តិនាខែកក្កដា ២០១៥ ខាងមុខនេះ គឺដើម្បីមានលទ្ធភាពចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងទាំងអស់ គ្នា។
ក្រុមនិស្សិតដែលទទូចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តំណាងឲ្យនិស្សិតថ្នាក់បរិញ្ញាបត្រមន្ទីរពិសោធន៍ជំនាន់ទី៣ និងជំនាន់ទី៤ និស្សិតថ្នាក់បរិញ្ញាបត្រឆ្មបជំនាន់ទី៤ និស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកជំនាន់ទី៥ និងនិស្សិតថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាកជំនាន់ទី៧ ប្រមាណជិត ៣០០នាក់ បានរៀបរាប់ប្រាប់ថា ពួកគេបានចូលរៀននៅសាលានេះ តាមនិយាមរបស់ក្រសួងយ៉ាងត្រឹមត្រូវ គឺបានប្រឡងចូលរៀនច្បាស់លាស់ ដោយមានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា និងមានបញ្ជីឈ្មោះទទួលស្គាល់ចូលរៀនត្រឹមត្រូវស្របតាមគោលការណ៍។ បន្ទាប់មកពួកគេបានខិតខំ ប្រឹងប្រែងរៀននៅក្នុងសាលា និងចុះអនុវត្តជាក់ស្តែងតាមមន្ទីរពេទ្យ រហូតដល់បានចប់សព្វគ្រប់តាមកម្មវិធីសិក្សា។
ជាចុងក្រោយ ពួកគេបានប្រឡងចេញកាលពីខែមិថុនា ២០១៤ មុនម្ល៉េះ ហើយពីមួយខែទៅមួយខែ ចេះតែរង់ចាំលទ្ធផលនៃការប្រឡងចេញនេះ តែសាលាប្រាប់ថា សូមរង់ចាំ មិនទាន់បានលទ្ធផលពីក្រសួងសុខាភិបាល ធ្វើឲ្យពួកគេបាត់ឱកាសប្រឡងចូលក្របខណ្ឌក្រសួងសុខាភិបាលឆ្នាំមុន ម្តងហើយ និងមួយចំនួនទៀត ក៏បានបាត់បង់ឱកាសការងារនៅតាមស្ថាប័នផ្សេងៗទៀត។
តំណាងនិស្សិតបញ្ជាក់ថា មិនត្រឹមតែប្រឡងចូលទេ នៅក្នុងការប្រឡងចេញ ក៏មានការអនុញ្ញាត និងចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលក្នុងការត្រួតពិនិត្យផងដែរ។ ចំពោះបញ្ហាខាងលើនេះ មួយរយៈមុននេះ និស្សិតបានជម្រុញសាលាយ៉ាងខ្លាំង រហូតដល់សាលាយល់ព្រមជូនតំណាងនិស្សិតទៅជួបមន្ត្រី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលទទួលបន្ទុកកិច្ចការប្រឡងនេះ។
ប្រភពមកពី៖ កោះសន្តិភាព