ពិធីប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរដល់និស្សិតឆ្នាំសិក្សា ២០១២-២០១៣
សាកលវិទ្យាល័យអន្តរជាតិ បានប្រគល់វិញ្ញាបនបត្រ និងបណ្ណសសើរដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំសិក្សា ២០១២-២០១៣ ចំនួន ៨៦២ នាក់ និងនិស្សិតឆ្នើមចំនូន ២៧០ នាក់ កាលពីព្រឹកថ្ងៃទី ១៤ កុម្ភៈ ២០១៤ ក្រោមអធិបតីភាពឯកឧត្ដមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ និងលោកជំទាវ អ៊ុក រ៉ាវីន។
លោក ទេព ណាវុធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអន្តរជាតិ បានឡើងមានមតិស្វាគមន៍ដល់អង្គពិធី និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយដល់ប្អូនៗនិស្សិតដែលបានបញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងប្អូននិស្សិតឆ្នើម។ លោកក៏បានផ្ដល់របាយការណ៍ត្រួសៗ អំពីកិច្ចការដែលសាកលវិទ្យាល័យសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក។ លើសពីនេះ លោកសាកលវិទ្យាធិការរង បានធ្វើការសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់និស្សិតដែលបានចូលរួមពិធី ឲ្យបន្តការខិតខំប្រឹងប្រែងការសិក្សា ក៏ដូចជាពង្រឹងនូវសមត្ថភាពដើម្បីត្រៀមខ្លួនក្នុងសមាហរណកម្មអាស៊ានក្នុងពេលដ៏ឆាប់ខាងមុខនេះ។
កញ្ញា រិទ្ធ ស៊ូសាន តំណាងឲ្យនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិទាំងអស់ បានឡើងថ្លែងអំពីចំណាប់អារម្មណ៍ និងសម្ដែងនូវសេចក្ដីសោមនស្សដល់អង្គពិធី ក៏ដូចជាថ្លែងអំណរគុណដល់សាកលវិទ្យាធិការ គណៈគ្រប់គ្រង សាស្ត្រាចារ្យទាំងអស់នៃសាកលវិទ្យាល័យអន្តរជាតិ ដែលតែងតែខិតខំប្រឹងប្រែងធ្វើការណែនាំ បង្ហាត់បង្រៀនដល់និស្សិតឲ្យមានចំណេះដឹង ចំណេះធ្វើ ដើម្បីចេញទៅបម្រើការងារនៅថ្ងៃអនាគត។
ឯកឧត្ដមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ បានឡើងថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និស្សិត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ដែលបានចូលរួមក្នុងពិធី។ លោកឯកឧត្ដមក៏បានរំឭកអំពីប្រវត្តិនៃការកសាងសាកលវិទ្យាល័យដោយឯកឧត្ដម អ៊ួន សាបូ អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ។ ឯកឧត្ដមសាកលវិទ្យាធិការ សាបូ អូហ្សាណូ បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងសិក្សារបស់និស្សិត និងផ្ដល់ជាអនុសាសន៍ឲ្យប្អូនៗ និស្សិតបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនតទៅទៀតរហូតដល់បញ្ចប់ការសិក្សា។ ឯកឧត្ដមសាកលវិទ្យាធិការក៏បានបញ្ជាក់អំពីការអភិវឌ្ឍ និងការធានាគុណភាពអប់រំរបស់សាកលវិទ្យាល័យអន្តរជាតិ ដែលសាកលវិទ្យាល័យនេះបង្កើតឡើងជាង ១១ ឆ្នាំមកហើយ និងជាគ្រឹះស្ថានឯកជនដំបូងគេបង្អស់ដែលបណ្ដុះបណ្ដាលវិស័យវេជ្ជសាស្ត្រ។ សាកលវិទ្យាល័យមានសាស្ត្រាចារ្យដែលមានបទពិសោធន៍យូរឆ្នាំ និងត្រូវបានតែងតាំងដោយប្រមុខរាជរដ្ឋាភិបាលជាច្រើននាក់។ សាកលវិទ្យាល័យមានបំពាក់ឧបករណ៍ទំនើបៗ សម្រាប់ឲ្យនិស្សិតធ្វើការសិក្សា និងមានមន្ទីរពេទ្យផ្ទាល់ខ្លួន សហគ្រាសផលិតឱសថ គ្លីនិកធ្មេញ ដែលនិស្សិតអាចចុះអនុវត្តដោយផ្ទាល់។
ជាចុងក្រោយ ឯកឧត្ដមសាកលវិទ្យាធិការ និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យអន្តរជាតិ បានធ្វើការចែកជូនប័ណ្ណសរសើរដល់និស្សិតឆ្នើម និងវិញ្ញាបនបត្រដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានទាំងអស់ប្រកបដោយទឹកចិត្តសប្បាយរីករាយក្រៃលែង។