មហាសន្និបាតវេជ្ជសាស្រ្តអន្តរជាតិលើកទី ៤ ស្តីអំពីការព្យាបាល និងការថែទាំសុខភាពបែបទំនើប
មហាសន្និបាតវេជ្ជសាស្រ្តអន្តរជាតិលើកទី ៤ ស្តីអំពីការព្យាបាល និងការថែទាំសុខភាពបែបទំនើប និងពិធីគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យ អន្តរជាតិ ដែលរៀបចំដោយមហាវិទ្យាល័យវេជ្ជសាស្រ្ត និងរោគកុមារនៃសាកលវិទ្យាល័យ អន្តរជាតិ បានប្រារព្វធ្វើឡើងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៦ និង ២៧ ខែមេសា ឆ្នាំ ២០១៤ នៅសាកលវិទ្យាល័យ អន្តរជាតិ ដោយមានការចូលរួមពី ឯ.ឧ. យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯ.ឧ. សាស្រ្តាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ លោក ទេព ណាវុធ សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អន្តរជាតិ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និង និស្សិត ព្រមទាំងមានការចូលរួមពី ក្រុមហ៊ុនឱសថចំនួន ១៣ ទាំងក្នុង និងក្រៅប្រទេសផងដែរ។
លោក ទេព ណាវុធ បានមានប្រសាសន៍ថា មហាសន្និបាតវេជ្ជសាស្រ្តអន្តរជាតិលើកទី ៤ ស្តីអំពីការព្យាបាល និងការថែទាំសុខភាពបែបទំនើបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ និស្សិតពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីភាពរីកចម្រើនរបស់វេជ្ជសាស្រ្ត និងការស្វែងយល់ពីរបកគំហើញថ្មីៗនៃពិភពលោក ដើម្បីងាយស្រួលដល់ការព្យាបាល និងថែទាំសុខភាពរបស់អ្នកជំងឺ។
ក្នុងឱកាសនោះ ឯ.ឧ. យិត ស៊ុនណារ៉ា បានមានប្រសាសន៍ឲ្យដឹងដែរថា ក្នុងនាមក្រសួងសុខាភិបាល ឯ.ឧ. បានសម្ដែងនូវការកោតសរសើរ និងអបអរសាទរដល់សាកលវិទ្យាល័យ អន្តរជាតិ ដែលបានរៀបចំមហាសន្និបាតវេជ្ជសាស្រ្តអន្តរជាតិនេះឡើងជាបន្តបន្ទាប់។
ឯកឧត្ដម បានមានប្រសាសន៍បន្ថែមថា មហាសន្និបាតវេជ្ជសាស្រ្ត អន្តរជាតិនេះមានសារសំខាន់ណាស់សម្រាប់គ្រូពេទ្យ ក្នុងការព្យាបាលដល់អ្នកជំងឺ។ ប្រទេសជាច្រើននៅលើសកលលោកតម្រូវឲ្យគ្រូពេទ្យដែលកំពុងព្យាបាលជំងឺ ទាំងមន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់ គឺត្រូវតែឲ្យគ្រូពេទ្យបំពេញបន្ថែមឲ្យបាននូវគ្រប់លក្ខណៈបណ្តុះបណ្តាលបន្ត ហើយគ្រូពេទ្យទាំងអស់ត្រូវព្យាបាលអ្នកជំងឺឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពជៀសវាងការទុកអ្នកជំងឺឲ្យនៅតែម្នាក់ឯង ដោយមិនមានការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យដែលធ្វើឲ្យខុសពីក្រមសីលធម៌របស់គ្រូពេទ្យ។
ឯ.ឧ. អនុរដ្ឋលេខាធិការសង្ឃឹមថា មហាសន្និបាតវេជ្ជសាស្រ្តអន្តរជាតិនេះ និងធ្វើឲ្យលោកគ្រូ អ្នកគ្រូពេទ្យ និស្សិតពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីការព្យាបាល និងការមើលថែអ្នកជំងឺ និងស្វែងយល់បន្ថែម នូវម៉ាស៊ីនបច្ចេកវិទ្យាដ៏ទំនើបៗ សម្រាប់ព្យាបាលដល់អ្នកជំងឺ ដែលត្រូវបានធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ មកពីបណ្តារប្រទេសមួយចំនួនដែលបានចូលរួម ដើម្បីធ្វើឲ្យការព្យាបាល និងការមើលថែអ្នកជំងឺរបស់យើង ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព។