ឯកឧត្តមសាស្រ្តាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ ឡើងបង្ហាញពីស្ថានភាពនៅសាកលវិទ្យាល័យ អន្តរជាតិ ជូនអេស៊ីស៊ី
ឯកឧត្តមសាស្រ្តាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ នៅព្រឹកថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៥នេះ បានឡើងបង្ហាញ ពីស្ថានភាពសាកលវិទ្យាល័យ អន្តរជាតិ ជូនដល់គណៈកម្មាការវាយតំលៃ ទទួលស្គាល់គុណភាពអប់រំកម្ពុជា ហៅកាត់ថា អេស៊ីស៊ី ដែលដឹកនាំដោយ ឯកឧត្តម អ៊ុង វ៉ាន់ធឿន និង មន្រ្តីជំនាញមួយចំនួនទៀត មកពីតាមបណ្តាក្រសួង និង ស្ថាប័នពាក់ព័ន្ឋនានា។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ បានមានប្រសាសន៍លើកឡើងថា សាកលវិទ្យាល័យ អន្តរជាតិ ហៅកាត់ថា IU បានបើកដំណើរការ បណ្តុះបណ្តាលដល់និស្សិត តាំងពីឆ្នាំ២០០២មកម៉្លេះ និង ទទួលស្គាល់ ដោយរាជរដ្ឋាភិបាល កម្ពុជា ព្រមទាំងទទួលបានជោគជ័យ លើតំលៃគុណភាពសិក្សារឹងមាំ តាមបទដ្ឋានគតិយុត្ត និង ដោះស្រាយបញ្ហាទាំងស្រុង លើការងារអសកម្មទាំងឡាយណា ដែលបានជួបប្រទះជាមួយនិស្សិត និង មជ្ឈដ្ឋានមួយចំនួន ដែលបានវាយតំលៃ ចំពោះអាយយូថា ដែលតែងតែកើតមានបញ្ហានោះ ។
ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យ អន្តរជាតិ តែងតែខិតខំប្រឹងប្រែងបណ្តុះបណ្តាល ដល់និស្សិតគ្រប់ជំនាញ ឲ្យមានប្រសិទ្ឋភាព និង គុណភាពខ្ពស់ដើម្បីធ្វើការប្រកួតប្រជែង ជាមួយសាលារដ្ឋ និង សាលាឯកជនមួយចំនួនទៀត គោរពទៅតាមការណែនាំ របស់ក្រសួងពាក់ព័ន្ឋនានា ពេលនោះហើយ ដែលតែងតែ ឭ ពត៌មានមិនល្អពីអាយយូ ។ ប៉ុន្តែអាយយូ បានជំនៈគ្រប់ឧបសគ្គទាំងអស់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ដើម្បីកំណែទម្រង់ និង ទាញយកគុណភាព ប្រកបដោយប្រសិទ្ឋភាពខ្ពស់ ។
ឯកឧត្តម បានលើកឡើងបន្ថែមទៀតថា លក្ខណៈពិសេសរបស់អាយយូនោះគឺ ការបណ្តុះបណ្តាល មានរយៈពេល១៣ឆ្នាំមកហើយ ព្រមទាំង ឈានមុខគេ លើគ្រប់មុខជំនាញថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អាយយូ មានអាគារចំនួន៧ ស្ថិតនៅក្រោមដំបូង នៃក្រុមហ៊ុនបូលីណូ។ អាគារទាំងនេះ គឺជាការគាំពារដល់និស្សិតទាំងអស់ ឲ្យមានភាពរឹងមាំ និង ភាពជឿទុកចិត្ត ពីសំណាក់អាណាព្យាបាលនានា ហើយក៏បានជំរុញឲ្យអាយូ ក្លាយទៅជាគ្រឹះស្ថាន ឧត្តមសិក្សាឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ក្នុងកម្មវិធីបណ្តុះបណ្តាល លើវិស័យសុខាភិបាល និង ជំនាញផ្សេងៗទៀត ។
ឯកឧត្តមបានបន្តថា សព្វថ្ងៃនេះ អាយយូ ត្រូវបានអនុញ្ញាតិ ដោយរាជរដ្ឋាភិបាល ឲ្យមានការបណ្តុះបណ្តាលពីចំងាយ មានន័យថា អាយយូ បានពង្រីកសាខារបស់ខ្លួន តាមបណ្តាលខេត្តនានា ដើម្បីបង្កើតភាពងាយស្រួលដល់និស្សិត តាមបណ្តាខេត្ត មិនចាំបាច់មកសិក្សាមុខជំនាញ ដែលខ្លួនត្រូវការ នៅភ្នំពេញឡើយ ។ លើសពីនេះទៅទៀត អាយយូ ក៏បានចងសម្ព័ន្ឋភាព ជាមួយសាកលវិទ្យាល័យឯកជនចំនួន៥ បន្ថែមទៀត ក្នុងនោះមាន សាកលវិទ្យាល័យ អន្តរជាតិ , សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប , សាលាវ៉ាន់ដាគណនេយ្យ , សាកលវិទ្យាល័យ ធនធានមនុស្ស និង សាកលវិទ្យាល័យកម្ពុជា ។
ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ បានគូសបញ្ជាក់ថា អាយយូ មានសក្តានុពលលើគ្រប់វិស័យអប់រំ ព្រមទាំង បំពាក់ទៅដោយឧបករណ៍ បរិក្ខាទំនើបៗទាន់សមយ័ សម្រាប់ធ្វើការបណ្តុះបណ្តាល ដល់និស្សិតគ្រប់ជំនាញ និង មានទីកន្លែងជាច្រើន សម្រាប់ផ្តល់ការងារជូនដល់និស្សិត ទៅតាមមុខជំនាញ ថែមទៀតផង ។
ឯកឧត្តម អ៊ុង វ៉ាន់ធឿន តំណាងគណៈកម្មការវាយតំលៃ ទទួលស្គាល់គុណភាពអប់រំកម្ពុជា ហៅកាត់ថា អេស៊ីស៊ី បានលើកឡើងថា ការចុះវាយតំលៃនាពេលនេះ គ្រាន់តែជាលទ្ឋផលប្រើប្រាស់ ក្នុងក្រសួងអប់រំ យុវជន និង កីឡា តែប៉ុណ្ណោះ មិនបានយកទៅផ្សព្វផ្សាយក្នុងគោលបំណងណាមួយនោះឡើយ ។ ឯកឧត្តម បានបន្តថា អាយយូ មានសក្តានុពលធំធេង និង ទទួលបានសមិទ្ឋិផលដ៏ត្រចេះត្រចង់ ក្នុងការបណ្តុះបណ្តាល លើគ្រប់វិស័យ ប្រកបដោយគុណភាព និង បទដ្ឋានគតិយុត្ត ទាំងជាតិ និង អន្តរជាតិ ៕