ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅសាកលវិទ្យាល័យ អន្តរជាតិ
ភ្នំពេញ ព្រឹកថ្ងៃ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រថ្នាក់វេជ្ជបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ រួមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ មាតាបិតានិសិ្សត និងបុគ្គលិកយ៉ាងច្រើនកុះករ ។
នៅក្នុងពិធីដ៏មហោឡារិកនេះ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការក៏បានធ្វើការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដែលមាននិសិ្សតសរុបចំនួន ៤២៧នាក់ ស្រី ២១៨នាក់ ព្រមទាំងបានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីសកម្មភាព និងលទ្ធផល នៃការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ អន្តរជាតិ យ៉ាងដូច្នេះថា សាកលវិទ្យាល័យ អន្តរជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយដែលបានបង្កើតឡើងនៅឆ្នាំ២០០២ បច្ចុប្បន្នសាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ សរុបចំនួនប្រមាណជាង ៤០០ នាក់ នារីជាង ១០០ នាក់ និងនិស្សិតកំពុងសិក្សាចំនួនជាង ៤០០០ នាក់ នារីជាង ២,០០០ នាក់។ និស្សិតថ្នាក់វេជ្ជបណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលបានបញ្ចប់ការសិក្សាទទួលសញ្ញាបត្រពីសាកលវិទ្យាល័យអន្តរជាតិ មានចំនួន ១៥លើក សរុប ៤,៤៤៩នាក់ តាំងពីឆ្នាំ២០០៦ រហូតមក ដែលលើកចុងក្រោយគឺនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ១៥ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យ អន្តរជាតិ បានពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ និងកំពុងរៀបចំពង្រីកបន្ថែមទៀត ជាពិសេសអគារសិក្សា មន្ទីរពេទ្យបណ្តុះបណ្តាល មន្ទីរពិសោធន៍ រោងចក្រផលិតឱសថ អន្តេវាសិកដ្ឋាន បណ្ណាល័យ អ៊ិនធើណែត ដោយបានបំពាក់សំភារៈឧបទេសសិក្សាទំនើបៗសម្រាប់អ្នកសិក្សាទូទៅ។ ដើម្បីឲ្យកម្មវិធីសិក្សាស្របតាមស្តង់ដាគុណភាពអប់រំដែលទទួលស្គាល់ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គទក) ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា សាកលវិទ្យាល័យ អន្តរជាតិ បាននឹងកំពុងអនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹងគុណភាព ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិតក្នុងគោលបំណងអនុវត្ត ឱ្យបានល្អប្រសើរ ស្របតាមកំរិតបទដ្ឋាន នៃការបណ្តុះបណ្តាល និងទីផ្សារការងារនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យក៏បានបង្កើតនូវមជ្ឈមណ្ឌលសារព័ត៌មាន ដែលក្នុងនោះមាន វិទ្យុ និងទូរទស្សន៍ ដើម្បីបម្រើដល់សេវាផ្សព្វផ្សាយរបស់ខ្លួន ដ៏ដូចជាការបម្រើដល់ការអប់រំសុខភាពសហគមន៍ ។ ឯកឧត្តមសាកលវិទ្យាធិការ ក៏បានសម្តែងនូវការដឹងគុណបំផុត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាទៅកាន់ភាពសំបូរសប្បាយ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងសាកលវិទ្យាល័យ អន្តរជាតិ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទឲ្យធ្វើការបណ្តុះបណ្តាលវគ្គពិសេស ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ជំនាញអភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ ដោយមានលក្ខខណ្ឌពិសេសម្រាប់ បុគ្គលិករដ្ឋ និងឯកជន ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងការបង្កើនចំណេះដឹងលើជំនាញ វិជ្ជាជីវៈនេះមានលទ្ធភាពទទួលចំណេះដឹងបន្ថែម ហើយអាចទទួលសញ្ញបត្របរិញ្ញបត្រជាន់ខ្ពស់ស័ក្កិសមនឹងបទពិសោធន៍ការងារ និងការអនុវត្តជាក់ស្តែងរបស់ខ្លួន។
ស្ថិតនៅឱកាសដ៏ប្រពៃនេះដែរ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសម្តែងនៅការកោតសរសើរ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម សាកលវិទ្យាធិការ ក៏ដូចជាសកម្មភាពខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យ អន្តរជាតិ ទាំងមូលក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ ដែលនេះជាសមិទ្ធិផលដ៏វិសេសវិសាលដែលបានសរបញ្ជាក់ឲ្យឃើញថា ការចូលរួមចំណែកក្នុងវិស័យឯកជន គឺជាផ្នែកមួយដែលមានសារសំខាន់និងមិនអាចកាត់ផ្តាច់បានក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទៅ និងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ៤២៧នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។ ឯកឧត្តមបណ្ឌិត ក៏បានរំលឹកផងដែរ នូវប្រវត្តិដ៏ឈឺចាប់ដែលប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាបានឆ្លងកាត់ និងបានស្គាល់នូវភ្លើងសង្រ្គាមនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបំផ្លាញប្រទេសជាតិស្ទើរទាំងស្រុង។ ឯកឧត្តមបណ្ឌិត ក៏បានបន្តទៀតថា ក្រោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ អប់រំ សុខាភិបាលសេដ្ឋកិច្ច សង្គមកិច្ច តាំងពីទីក្រុង ទីប្រជុំជន រហូតដល់តំបន់ដាច់ស្រយ៉ាល ជាពិសេស ការអភិវឌ្ឍ សុខសន្តិភាព អធិបតេយ្យភាព ស្មើមុខស្មើមាត់ ជាមួយប្រទេសដែលមានការរីកចម្រើន។ ទន្ទឹមនឹងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើរដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវយកចំណេះវិជ្ជាដែលមាន ទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ សម្រាប់ប្រទេសជាតិ និងពិភពលោក។
ជាចុងបញ្ចប់ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតទាំង ៤២៧នាក់ និងផ្តល់កិត្តិយសថតរូបជាមួយថ្នាក់ដឹកនាំ រួមទាំងនិស្សិតទុកជាអនុស្សាវរីយក្នុងបរិយាកាសស្និទិស្នាល និងរីករាយក្រៃលែង៕