ពិធីប្រគល់សញ្ញាបត្របណ្តោះអាសន្ន ថ្នាក់ឱសថការីឧត្តម ជំនាន់ទី៩ ដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិ និងសិក្ខាសាលាស្តីពីការគ្រប់គ្រងឱសថស្ថានដោយប្រព័ន្ធកុំព្យូទ័រ
ភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្របណ្តោះអាសន្ន ថ្នាក់ឱសថការីឧត្តម ជំនាន់ទី៩ ជូនដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិ និងសិក្ខាសាលាស្តីពីការគ្រប់គ្រងឱសថស្ថានដោយប្រព័ន្ធកុំព្យូទ័រ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ រួមទាំងវាគ្មិនកិត្តិយស សាស្រ្តចារ្យ សាស្រ្តចារ្យរង និសិ្សតជ័យលាភី បុគ្គលិក និងនិស្សិតចូលរួមជាច្រើនកុះករ។
ស្ថិតក្នុងឱកាសនេះដែរ មុននឹងមានពិធីចែកសញ្ញាបត្របណ្តោះអាសន្នជូនដល់និសិ្សតជ័យលាភី ក៏មានការបង្ហាញនូវរបៀបនៃការគ្រប់គ្រងឱសថស្ថានតាមប្រព័ន្ធកុំព្យូទ័រ ដោយវាគ្មិនកិត្តិយស ដែលជាការសម្រួលដល់ការងារនៅក្នុងឱសថស្ថានដែលជាគន្លឹះដល់និសិ្សតដែលទើបនឹងបញ្ចប់ការការសិក្សានាពេលនេះ នឹងជំនួយដល់និស្សិតដែលកំពុងសិក្សាអោយមានចំណេះដឹងបន្ថែមពីលើជំនាញដែលកំពុងសិក្សាសព្វថ្ងៃ។ លោកវាគ្មិន បានរៀបរាប់លម្អិតពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រសម្រាប់ឱសថស្ថាន ដែលវាអាចជួយក្នុងការគ្រប់គ្រងទិន្នន័យថ្នាំ កត់ត្រាព័ត៌មានរបស់ថ្នាំ និងព័ត៌មានរបស់អ្នកជំងឺ និងមុខងារសំខាន់ៗជាច្រើនទៀត ដែលស្របទៅតាមតម្រូវការ ការងារនៅក្នុងឱសថស្ថាន។
ស្ថិតក្នុងឱកាសដ៏មានន័យនេះដែរ មានមតិសំណេះសំណាល ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ ក៏បានចូលរួមអបអរសាទរដល់និស្សិតជ័យលាភីដែលបានខិតខំតស៊ូសិក្សាលុះដល់ទីបញ្ចប់ប្រកបដោយជោគជ័យ ដើម្បីយកទៅបំពេញការងារប្រកបដោយវិជ្ជាជីវ និងគុណភាព។ ឯកឧត្តមក៏ផ្តាំផ្ញើរដល់និស្សិតដែលកំពុងសិក្សាអោយខិតខំបន្ថែមទៀតដើម្បីគោលដៅដែលយើងប៉ងនាពេលខាងមុខ។
ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ និងលោកសាស្ត្រចារ្យ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងផ្តល់កិត្តិយសថតរូបទុកជាអនុស្សាវរីយក្នុងបរិយាកាសស្និទិស្នាល និងរីករាយក្រៃលែង៕