កម្មវិធីសំណេះសំណាលជាមួយនិស្សិតមហាវិទ្យាល័យ វេជ្ជសាស្រ្ត និងរោគកុមារ ជំនាញវេជ្ជសាស្រ្តទូទៅ
ភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ០៤កើត ខែបថមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ មានកម្មវិធីសំណេះសំណាលជាមួយនិស្សិតមហាវិទ្យាល័យ វេជ្ជសាស្រ្ត និងរោគកុមារ ជំនាញវេជ្ជសាស្រ្តទូទៅ នៅសាកលវិទ្យាល័យ អន្តរជាតិ ក្រោមអធិបតីភាពបណ្ឌិត សឿន សម្បតិ្ត សាកលវិទ្យាធិការរងនៃសាកលវិទ្យា អន្តរជាតិ លោកសាស្ត្រចារ្យរង ឯម សំណីយ៍ ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្រ្ត និងរោគកុមារ លោកវេជ្ជបណ្ឌិត ទន់ សុខសម្បតិ្ត ប្រធានការិយាល័យសិក្សា រួមទាំងបុគ្គលិក និងនិសិ្សតចូលរួមជាច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកសាស្ត្រចារ្យរង ឯម សំណីយ៍ ក៏បានមានមតិសំណេះសំណាលជាមួយនិស្សិតដែលបានចូលរួមយ៉ាងដូចច្នេះថា ដើម្បីឈានទៅដល់គោលដៅរបស់ប្អូនៗដែលសម្រេចចិត្តជ្រើសយកជំនាញវេជ្ជសាស្រ្តនេះគឺ តម្រូវអោយប្អូនៗយកចិត្តទុកដាក់ខិតខំសិក្សាស្វែងយល់ទាំងនៅក្នុងម៉ោងសិក្សាពីលោក និងលោកស្រីសាស្រ្តចារ្យ និងក្រៅម៉ោងសិក្សាពីមិត្តរួមថ្នាក់ ក៏ដូចជារៀមច្បង និងស្វ័យសិក្សាដើម្បីអោយការយល់ដឹងកាន់តែទូលំទូលាយ។ លោកសាស្រ្តចារ្យបន្តទៀតថា វិន័យក៏ជាកត្តាជំរុញអោយការសិក្សាបានល្អដែរ ដោយយើងត្រូវតែមកសាលាអោយបានទៀងទាត់ ស្លៀកពាក់អោយបានសមស្របទៅតាមការកំណត់របស់សាកលវិទ្យាល័យ និងត្រូវមានទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ ក៏ដូចជាមិត្តរួមជំនាន់។ លើសពីនេះលោកក៏បានបន្ថែមថា ចំពោះនិស្សិតឆ្នើមកាន់តែមានភាពងាយស្រួលក្នុងការបន្តការសិក្សានៅក្រៅប្រទេសជាមួយនឹងសាកលវិទ្យាល័យនានាដែលជាដៃគូររបស់សាកលវិទ្យាល័យ អន្តរជាតិ រួមមាននៅប្រទេសថៃ និងកូរ៉េជាដើម។
ដោយឡែក លោកវេជ្ជបណ្ឌិត ទន់ សុខសម្បតិ្ត ប្រធានការិយាល័យសិក្សា ក៏បានចូលរួមមានមតិសំណេះសំណាលជាមួយនិសិ្សតពាក់ព័ន្ធទៅនឹងវិន័យទូទៅរបស់សាកលវិទ្យាល័យ និងព័ត៌មានទូទៅជុំវិញកម្មវិធីសិក្សា។
យ៉ាងណាមិញ បណ្ឌិត សឿន សម្បតិ្ត សាកលវិទ្យាធិការរងនៃសាកលវិទ្យា អន្តរជាតិ ក៏បានសង្កត់ធ្ងន់ដែរទៅលើវិន័យ និងការរៀនសូត្រ ដើម្បីទៅអោយដល់គោលដៅក្នុងរយៈពេល៨ឆ្នាំនៃជំនាញវេជ្ជសាស្ត្រ។ លោកបណ្ឌិតក៏បានបន្ថែមទៀតដែរថា សាកលវិទ្យាល័យគ្រោងនឹងបន្ថែមនូវចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងភាសាអង់គ្លេសកំរិតឧត្តមទៅលើមុខវិទ្យាដែលមានសព្វថ្ងៃ ដើម្បីអោយនិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារនៅគ្រប់ស្ថាប័ន៕