ស.អ ប្រារព្ធពិធី «ឱកាសនិស្សិត» និងអបអរពិធីបុណ្យចូលឆ្នាំថ្មី
ការដាក់តាំងបង្ហាញស្នាដៃនិស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងសំណង់
កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៤ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ អន្តរជាតិ បានប្រារព្ធពិធី «ឱកាសនិស្សិត» និងពិធីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ គ្រិស្តសករាជ ២០១៤។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់និស្សិតបញ្ចេញសមត្ថភាព បង្ហាញស្នាដៃ និងសមិទ្ធិផលដែលខ្លួនសម្រេចបាន។ នៅក្នុងពិធីនេះក៏មានការចូលរួមពីបណ្តារក្រុមហ៊ុនជាច្រើន ដែលដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន និងការតាំងបង្ហាញសមិទ្ធិផលដែលជាស្នាដៃរបស់និស្សិតសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ ក្នុងនោះក៏មានការតាំងបង្ហាញម្ហូបអាហារ និងលក់ជូនអ្នកចូលរួមកម្មវិធីផងដែរ។
ការតាំងបង្ហាញផលិតផលឱសថរបស់និស្សិតមហាវិទ្យាល័យឱសថសាស្ត្រ
លោក ទេព ណាវុធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អន្តរជាតិ បានមានប្រសាសន៍ថា នេះគឺជាកម្មវិធីមួយដែលសាកលវិទ្យាល័យបានផ្តល់ឱកាសដល់និស្សិតទាំងអស់ បានបញ្ចេញនូវសមត្ថភាព និង ទេពកោសល្យដែលខ្លួនមាន និងផ្តល់ភាពសប្បាយរីករាយដល់និស្សិតផង ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខ។ លោក ទេព ណាវុធ ក៏បានផ្តាំផ្ញើដល់ប្អូនៗនិស្សិតទាំងអស់ ធ្វើយ៉ាងណា បញ្ចេញអោយអស់ពីសមត្ថភាពដែលខ្លួនមាន ដើម្បីធ្វើអោយម្ហូបអាហារ និងផលិតផលរបស់យើងទទួលបានជោគជ័យ។
ការបង្ហាញមុខម្ហូបខ្មែររបស់និស្សិត
សាកលវិទ្យាធិការរង ស.អ និងប្រតិភូតំណាងក្រសួងទេសចរណ៍ចូលរួមភ្លក្សមុខម្ហូប
នៅក្នុងកម្មវិធីនោះដែរ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ អន្តរជាតិ បាននាំគ្នាលេងល្បែងប្រជាប្រិយដូចជា លេងលោតអន្ទាក់ លាក់កន្សែង បោះអង្គញ់ វាយក្អម លោតបាវ និងល្បែងប្រជាប្រិយជាច្រើនទៀត ព្រមទាំងមានការប្រគុំតន្រ្តីរាំលេងកម្សាន្តផងដែរ។
និស្សិតសាកលវិទ្យាល័យអន្តរជាតិលេងវាយក្អមល្បែងប្រជាប្រិយខ្មែរ
និស្សិតសាកលវិទ្យាល័យអន្តរជាតិរាំលេងកម្សាន្ដចង្វាក់ប្រជាប្រិយខ្មែរ
ការសម្ដែងរឿងខ្លីរបស់ក្រុមនិស្សិត ស.អ
ក្រុមនិស្សិត ស.អ ច្រៀងចម្រៀងមិត្តភាព
នៅល្ងាចថ្ងៃដដែលនោះដែរក៏មានការប្រគុំតន្រ្តីដ៏ធំមួយពីកម្មវិធី V-Friends របស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ បាយ័ន ចូលរួមសហការជាមួយសាកលវិទ្យាល័យអន្តរជាតិ ដើម្បីញ៉ាំងកម្មវិធីឲ្យកាន់តែអធិកអធម និងសប្បាយរីករាយថែមទៀត ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯ.ឧ. សាស្រ្តាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ អន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងជូនពរក្នុងឱកាសឆ្នាំថ្មីជូនចំពោះប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រូមទាំងមន្រ្តីរាជការគ្រប់ស្ថាប័ន ដែលបានដឹកនាំ និងចូលរួមកសាង អភិវឌ្ឍន៍ ប្រទេសជាតិមាតុភូមិ ឲ្យរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្ដមក៏បានបន្តថ្លែងអំណរគុណ និងជូនពរដល់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន រួមទាំងបុគ្គលិកដែលបានសហការបង្កើតកម្មវិធីនេះឡើង។
និស្សិត ស.អ សម្ដែងរបាំជូនពរ
ថ្នាក់ដឹងនាំ ស.អ ចូលរួមទស្សនាការប្រគុំតន្ត្រី
ជាទីបញ្ចប់ ឯ.ឧ. សាកលវិទ្យាធិការក៏បានថ្លែងអំណរគុណ និងជូនពរដល់មាតា-បិតានិស្សិត នៃសាកលវិទ្យាល័យ អន្តរជាតិ និងជំរុញឲ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងសិក្សាបន្ត ដើម្បីទទួលបានជោគជ័យ និងសម្រេចគោលបំណងទៅថ្ងៃអនាគតរបស់ខ្លួន ស្របពេលដែលប្រទេសជាតិកំពុងតែឈានទៅរកវឌ្ឍភាព និងរីកចម្រើន។