សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការបណ្តុះបណ្តាលវគ្គពិសេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ អភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ ដល់មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន អង្គការ សហគមន៍ វគ្គ១ ជំនាន់ទី១
ភ្នំពេញ ព្រឹកថ្ងៃ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ មានរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវគ្គពិសេស កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាញ អភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ វគ្គ១ ជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី ច័ន្ទ សុគន្ធា នាយិកាទីចាត់ការអន្តរវិស័យសាលារាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ ឯកឧត្តមបណ្ឌិតមហាបរិញ្ញា ស៊ុន សូត ព្រឹទ្ធបុរស មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យ អន្តរជាតិ ឯកឧត្តមបណ្ឌិតមហាបរិញ្ញា ហោ ប៊ុនឡេង អគ្គលេខាធិការងអជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ឯកឧត្តម សាម៉ន បណ្ឌិត្យ អគ្គនាយករង នៃស្ថានីយទូរទស្សន៍នាគព័ន្ធ (NTV) និងមន្រី្តថា្នក់ក្រោមជាតិដែលជាតំណាងអោយខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ព្រមទាំងសាស្ត្រាចារ្យ និស្សិតប្រមាណ ៣៥០នាក់ចូលរួមជាច្រើនកុះករ ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ បានថ្លែងទៅកាន់អង្គសិក្ខាសាលាយ៉ាងដូច្នេះថា ការបណ្តុះបណ្តាល ជំនាញ សុខភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទ ដែលទទូលបានគោលការណ៍ដ៌ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតបានផ្តល់អាហារូបករណ៍ចំនួន ៥០% ដល់អភិបាលខេត្តទាំង២៥ខេត្តរាជធានីក្រុង សំរាប់មន្រ្តីរាជការ និង២៥% ទៀតសំរាប់ បុគ្គលិក ក្រុមហ៊ុន អង្គការ សមាគមន៍ដែលមានបទពិសោធការងារមិនតិចជាង៥ឆ្នាំអោយចូលរៀនថ្នាក់បិញ្ញាបត្រជាន់ខ្ពស់នេះដើម្បីពង្រឹង និងបង្កើនសមត្ថភាពការងារអោយកាន់តែរលូនប្រកបដោយភាពឆ្លាតវៃ។
ឆ្លើយតបទៅកាន់អង្គសិក្ខាសាលា លោកស្រី ច័ន្ទ សុគន្ធា នាយិកាទីចាត់ការអន្តរវិស័យសាលារាជធានីភ្នំពេញ ក៏បានធ្វើការថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ អន្តរជាតិ ដែលបានផ្តល់អាហារូបករណ៍ចំនួន ៥០% ដល់អភិបាលខេត្តទាំង ២៥ខេត្តរាជធានីក្រុងដើម្បីចាត់ចែងផ្តល់អោយមន្រី្តថ្នាក់ក្រោមជាតិដែលកំពុងបំរើការក្នុងវិស័យសុខភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទ ដែលជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត។ លោកស្រីក៏បានធ្វើការកោទសរសើរ និងអោយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ អន្តរជាតិ ក្នុងការបណ្តុះនូវធនធានមនុស្សប្រកបដោយសមត្ថភាពដែលជាចលករជម្រុញអោយប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។
ជាចុងបញ្ចប់ ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ ក៏បានធ្វើការថ្លែងអំណរគុណចំពោះ ឯកឧត្តម អស់លោក លោកស្រី បណ្ឌិត សាស្ត្រាចារ្យ និងនិស្សិតដែលបានចូលរួមក្នុងពិធីដ៏មានតម្លៃនេះ ព្រមទាំងមានការបំពាក់កន្សែង និងថតរូបជាអនុស្សាវរីយ៍ ផងដែរ។