កម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីការបណ្តុះបណ្តាលវគ្គពិសេស កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាញ អភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ វគ្គ១ ជំនាន់ទី១
ភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ អន្តរជាតិ មានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីការបណ្តុះបណ្តាលវគ្គពិសេស កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាញ អភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ វគ្គ១ ជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តំណាងមកពីក្រសួង និងស្ថាប័នមួយចំនួនរួមមាន បណ្ឌិត ស៊ុន សូត ជាព្រឹទ្ធបុរស មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យ អន្តរជាតិ សាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត ហោ ប៊ុនឡេង លោក សេក មន្នី ប្រធាននាយកដ្ឋាន ថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋាន បណ្តុះបណ្តាល និងស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងភ្ញៀវជាតិ អន្តរជាតិ និងនិស្សិតជាច្រើនកុះករ ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម បណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ បានអញ្ជើញមានមតិសំណេះសំណាលជាមួយអ្នកចូលរួមជុំវិញអត្ថប្រយោជន៍នៃការសិក្សាជំនាញ អភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ ដោយមានការគាំទ្រពីសំណាក់ក្រសួងអភិវឌ្ឍន៍ជនបទ សាកលវិទ្យាល័យ អន្តរជាតិ នឹងចាប់ផ្តើមការបណ្តុះបណ្តាលលើជំនាញនេះនាពេលខាងមុខឆាប់ៗនេះ ជាមួយនឹងអាហារូបករណ៍ ២៥% ដែលជាការផ្តល់ជូនយ៉ាងពិសេសសម្រាប់មន្រី្តរាជការ បុគ្គលិកក្រុមហ៊ុន ស្ថាប័ននានាដែលកំពុងបម្រើការងារទាក់ទងទៅនឹងវិស័យអភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ក្នុងរយៈពេល៥ឆ្នាំកន្លងមក អោយមានអទិភាពក្នុងការចូលរៀនវគ្គពិសេសនេះដើម្បីពង្រឹងសមត្ថិភាពការងារអោយកាន់តែប្រសើរឡើង។
ជាចុងបញ្ចប់តាងនាមអោយសាកលវិទ្យាល័យ អន្តរជាតិ ឯកឧត្តម ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនគ្រប់រូបដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស រួមទាំងប្អូនៗនិស្សិត និងបានថតរូបទុកជាអនុស្សាវរីយផងដែរ។
ព័ត៌មានបន្ថែមអំពីជំនាញខាងលើ សូមទាក់ទងមកកាន់សាកលវិទ្យាល័យ អន្តរជាតិ ដោយផ្ទាល់អគារលេខ ៨៩-៩៥ ផ្លូវលេខ១៩៨៤ កែង ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០៨៧ ៤៥៩ ៧៩៧។