សាកលវិទ្យាល័យអន្តរជាតិ និងសាកលវិទ្យាល័យតូក្យូហ្វុគុស៊ិ ធ្វើកិច្ចសហប្រតិបត្តិការ
ថ្លែងក្នុងដំណើរទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សាកលវិទ្យាល័យ អន្តរជាតិ កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤ លោកបណ្ឌិត ណា កាជីម៉ា ស្ថាបនិកសាកលវិទ្យាល័យ តូក្យូហ៊្វុគុស៊ិ បានបញ្ជាក់ថា សាកលវិទ្យាល័យផ្នែកថែទាំសុខភាពនៃប្រទេសជប៉ុន តូក្យូហ៊្វុគុស៊ិ និងបន្តបង្កើនសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យអន្តរជាតិ។
សាកលវិទ្យាល័យ តូក្យូហ្វ៊ុគុស៊ិ នឹងផ្តល់អាហារូបករណ៍ផ្នែកថែទាំសុខភាព (គិលានុប្បដ្ឋាក) ដល់និស្សិតរបស់សាកលវិទ្យាល័យអន្តរជាតិ ដើម្បីបន្តនូវចំណេះដឹង និងមានឱកាសបានបំរើការងានៅក្នុងប្រទេសជប៉ុនលើផ្នែកថែសុខភាពនេះ។ លោកបណ្ឌិត ណា កាជីម៉ា បានបន្ថែមទៀតថា គោលបំណងសំខាន់ក្នុងទស្សនកិច្ចរបស់ ថ្នាក់ដឹកនាំសាកលវិទ្យាល័យផ្នែកថែទាំសុខភាពនៃប្រទេសជប៉ុន តូក្យូហ្វ៊ុគុស៊ិ នៅក្នុងពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពី ពីការអប់រំលើវិស័យសុខាភិបាលរបស់សាកលវិទ្យាល័យ អន្តរជាតិ។ ជាពិសេសគឺដើម្បីផ្តល់ឱកាសអោយនិស្សិតរបស់សាកលវិទ្យាល័យអន្តរជាតិដែលសិក្សាលើមុខវិជ្ជាថែទាំសុខភាព បានទទួលនូវចំណេះដឹងកម្រិតស្តង់ដារបន្ថែម ដើម្បីបង្កើនសមត្ថភាពជំនាញបច្ចេកទេស លើជំនាញដែលខ្លួនកំពុងសិក្សាស្រាប់តាមរយៈការផ្តល់នូវអាហារូបករណ៍របស់សាកលវិទ្យាល័យ តូក្យូហ៊្វុគុស៊ិ ប្រទេសជប៉ុន ។
មានប្រសាសន៍ក្នុងជំនួបជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យតូក្យូហ៊្វុគុស៊ិ ឯកឧត្តម សាស្រ្តាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យតូក្យូហ្វ៊ុគុស៊ិ របស់ប្រទេសជប៉ុន ក្នុងការផ្តល់ឱកាសអោយនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ ទទួលបាននូវឱកាសសិក្សាបន្ត លើមុខវិជ្ជាថែទាំសុខភាព ដែលទាំងនេះគឺជាផ្នែកដ៏សំខាន់មួយរបស់សាកលវិទ្យាល័យតូក្យូហ៊្វុគុស៊ិ ក្នុងការជួយដល់និស្សិតកម្ពុជាលើផ្នែកថែទាំសុខភាព (គិលានុប្បដ្ឋាក) អោយរឹតតែទទួលបាននូវការបណ្តុះបណ្តាល ប្រកបដោយកម្រិតស្តង់ដារដើម្បីបន្តការងារអភិវឌ្ឈន៏វិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា ក្នុងនាមថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ អន្តរជាតិ យើងនៅតែបន្តបង្កើនចំណងមិត្តភាព និងសហប្រតិបតិ្តការល្អជាមួយសាកលវិទ្យាល័យ តូក្យូហ៊្វុគុស៊ិ ដើម្បីធ្វើការចែករំលែកនូវចំណេះដឹង ជំនាញបច្ចេកទេស ក៏ដូចជាការផ្លាស់ប្តូរនូវវប្បធម៏រវាងគ្នានឹងគ្នាផងដែរ។
សូមបញ្ជាក់ថា ប្រព័ន្ធអាហារូបករណ៍ចំណងមិត្តភាពកម្ពុជា-ជប៉ុនផ្នែកថែទាំសុខភាព របស់សាកលវិទ្យាល័យតូក្យូហ៊្វុគុស៊ិ គឺជាប្រភេទអាហាររូបករណ៏ថ្មីមួយទៀតដែលអាចធ្វើនិស្សិតទាំងអស់ទទួលបាននូវភាពរីកចម្រើនដោយខ្លួនឯង ជាពិសេសនិស្សិតទាំងអស់នឹងបានសិក្សាពីបច្ចេកទេសថែទាំសុខភាពរបស់ប្រទេសជប៉ុនជាមូលដ្ឋានគ្រឹះ សម្រាប់បំពេញបន្ថែមលើជំនាញដែលយើងសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕