សាកលវិទ្យាល័យអន្តរជាតិ និងវិទ្យាស្ថានបូលីណូ បើកថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៣ បានអនុញ្ញាតឲ្យសាកលវិទ្យាល័យអន្តរជាតិ និងវិទ្យាស្ថានបូលីណូ បើកបណ្ដុះបណ្ដាលថ្នាក់ទន្តគិលានុបដ្ឋាក សម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤ ។
ដូចមានចែងក្នុងកម្មវត្ថុ និងសំណើរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឲ្យសាកលវិទ្យាល័យនេះ ធ្វើការជ្រើសរើសបេក្ខជនឲ្យចូលរៀនថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក ក្នុងឆ្នាំសិក្សា ២០១៣-២០១៤ ចំនួន ៤០ នាក់សម្រាប់សាកលវិទ្យាល័យអន្តរជាតិ និង ២០ នាក់សម្រាប់វិទ្យាស្ថានបូលីណូ។ ការជ្រើសរើសត្រូវធ្វើឡើងដោយមានការចូលរួមពីតំណាងរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។
ដូច្នេះ បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ចូលរៀន សូមរួសរាន់ទាក់ទងការិយាល័យព័ត៌មាននៃសាកលវិទ្យាល័យអន្តរជាតិ និងវិទ្យាស្ថានបូលីណូ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។