បេក្ខជនចំនួន៦រូបនៃសាកលវិទ្យាល័យ អន្តរជាតិ ឡើងការពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិត
បេក្ខជន ២ ក្រុម ចំនួន៦រូប ដែលបានសិក្សាលើមុខជំនាញពេទ្យ នៅសាកលវិទ្យាល័យអន្តរជាតិ បានឡើងធ្វើការការពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិតរបស់ខ្លួន រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ ដែលក្នុងនោះ ក្រុមទី១ មានបេក្ខជន៣រូប គឺ ស៊ង់ ពិសិដ្ឋ, ផង់ ឆៃដែន និង ឆាយ គឹមស្រេង ធ្វើការការពារនិក្ខេបបទលើប្រធានបទដែលទាក់ទង់ទៅនឹងចំណេះដឹងដែលបានមកពីការសិក្សាស្រាវជ្រាវ អំពីជំងឺលើសសម្ពាធឈាម ឬជំងឺលើឈាម។ ឯក្រុមទី២ មានបេក្ខជន៣រូបដែរគឺ ម៉ៅ ភីរម្យ, ស៊ាម សុភា និង យុន សោភ័ណតារា លើប្រធានបទស្ដីអំពីជំងឺស្ទះសរសៃឈាមខួរក្បាល។
ក្នុងការការពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិតនេះ បេក្ខជនក្រុមទី១បានបង្ហាញថា ជំងឺលើសសម្ពាធឈាម ច្រើនកើតនៅលើមនុស្សពេញវ័យ ពីអាយុ២៥ ដល់ ៦៤ឆ្នាំ។ ជំងឺប្រភេទនេះមានគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់អ្នកជំងឺទាំងឡាយណាដែលមិនបានស្វែងរកការព្យាបាល និងការណែនាំពីគ្រូពេទ្យ ពោលគឺអ្នកជំងឺត្រូវទៅពិនិត្យដើម្បីទទួលបាននូវដំបូន្មានពីក្រុមគ្រូពេទ្យធ្វើទៅតាមវេជ្ជបញ្ជា ពិសេសត្រូវទទួលទានថ្នាំឲ្យបានទៀងទាត់។ បេក្ខជនក្រុមទី១ ក៏បានបង្ហាញពីកត្តាប្រឈមសំខាន់ៗមួយចំនួន ដែលនាំឲ្យមានជំងឺលើសសម្ពាធឈាម រួមមានការលើសទម្ងន់ ការជក់បារីច្រើនពេក ការពិសាស្រាច្រើនពេក ការទទួលអាហារដែលប្រៃពេកការមិនបញ្ចេញពលកម្ម និងកត្តធុញថប់ក្នុងអារម្មណ៍ ដែលជាមូលហេតុធ្វើឲ្យកើតនូវជំងឺលើសសម្ពាធឈាម ឬជំងឺលើសឈាម។
ចំណែកបេក្ខជនក្រុមទី២ បានលើកឡើងនូវប្រធានបទស្ដីអំពីជំងឺស្ទះសរសៃឈាមខួរក្បាលបានបង្ហាញថា ជំងឺប្រភេទនេះច្រើនតែកើតមានទៅលើមនុស្សដែលមានវ័យចំណាស់ ចាប់ពី៤០ឆ្នាំឡើងទៅ ពិសេសចំពោះអ្នកដែលលើសទម្ងន់ អ្នកចូលចិត្តពិសារស្រាច្រើន អ្នកដែលទទួលទានបារីច្រើន ឬអ្នកដែលគិតច្រើនជាដើម។ ក្រុមនេះបានឲ្យដឹងទៀតថា ជនរងគ្រោះភាគច្រើន ច្រើនតែមិនបានដឹងខ្លួនជាមុនទេថា ខ្លួនអាចកើតមានជំងឺប្រភេទនេះ។
ក្រោមពីបានស្ដាប់បទបង្ហាញរបស់ក្រុមនីមួយៗ និងការសាកសួរដេញដោល ពីគណៈមេប្រយោគទាំង៥រូប ដែលដឹកនាំដោយលោកសាស្ត្រាចារ្យមហាបរិញ្ញា សារ៉ាក់ ផល្លី គណៈមេប្រយោគបានសម្រេចជាឯកច្ឆ័ន ផ្ដល់ជូនថ្នាក់ជូនថ្នាក់វេជ្ជបណ្ឌិតដល់បេក្ខជនទាំង៦រូប ជាផ្លូវការនាពេលនោះ ព្រមទាំងបានណែនាំដល់លោកវេជ្ជបណ្ឌិតដែលទើបជាប់ថ្មីទាំង៦រូប ត្រូវគោរពឲ្យបាន នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន នាពេលបំពេញការងារជាគ្រូពេទ្យ ជាវេជ្ជបណ្ឌិត សក្តិសមជាទីពឹងនៃអ្នកជំងឺទាំងឡាយ ដែលបានមករកសេវាពិនិត្យ និងព្យាបាលជំងឺអំពីយើង។ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការពារនិក្ខេបបទ ថ្នាក់វេជ្ជបណ្ឌិតរួចមកបេក្ខជនទាំង៦រូប ក៏បានធ្វើការប្ដេជ្ញាចិត្ត ចំពោះគណៈមេប្រយោគទាំង៥រូប នាឱកាសនោះផងដែរ។