ក្រុមគ្រូពេទ្យផ្នែកធ្មេញរុស្សីមកពិនិត្យ និងព្យាបាលធ្មេញដោយឥតគិតប្រាក់នៅសាកលវិទ្យាល័យអន្តរជាតិ
នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ម្សិលមិញនេះ ក្រុមគ្រូពេទ្យធ្មេញមកពីប្រទេសរុស្សី បានអញ្ជើញមកពិនិត្យ និងព្យាបាលជម្ងឺធ្មេញ ដោយមិនគិតលុយជូនប្អូនៗនិស្សិត និងបុគ្គលិកទាំងអស់នៅសាកលវិទ្យាល័យអន្តរជាតិ។
លោក Masloroman ជាវេជ្ជបណ្ឌិតផ្នែកជំនាញធ្មេញ និងជាប្រធានក្រុមគ្រូពេទ្យធ្មេញមកពីមន្ទីរពេទ្យប្រទេសរុស្សី បានមានប្រសាសន៍ឲ្យដឹងថា នេះគឺជាបេសកកម្មលើកទី២របស់ក្រុមគ្រូពេទ្យរបស់គាត់ ហើយលើកទី១គាត់បានទៅធ្វើការព្យាបាលផ្នែកជម្ងឺធ្មេញនៅប្រទេសនេប៉ាល់ ដែលក្រុមគ្រូពេទ្យរបស់គាត់ទទួលបានជោគជ័យ ហើយនេះជាលើកទី២ហើយដែលក្រុមការងាររបស់គាត់បានមកពិនិត និងព្យាបាលនៅប្រទេសកម្ពុជា ដោយមានកិច្ចសហការពីសាកលវិទ្យាល័យអន្តរជាតិ។
លោក Masloroman បានបន្តថា ជាដំបូងលោកសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូពេទ្យសាស្ត្រាចារ្យនៅសាកលវិទ្យាល័យអន្តរជាតិទាំងអស់ ដែលបានជួយសម្រួល និងរៀបចំកន្លែងមិនតែប៉ុណ្ណោះ បានផ្តល់នូវគ្រឿងបរិក្ខាសម្ភារសម្រាប់ក្រុមគ្រូពេទ្យធ្វើការពិនិត្យ និងព្យាបាលធ្មេញ និងមានការជួយយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូពេទ្យបានយ៉ាងល្អប្រសើរថែមទៀតផង ដើម្បីឧ្យក្រុមការងារលោកបានចូលមកក្នុងសាលានេះ និងបានធ្វើដំណើរដើម្បីមកបំរើនៅប្រទេសកម្ពុជាផង។
លោក Masloroman បានបញ្ជក់ថា សម្រាប់ការងាររបស់គាត់ដែលបានចូលមកកម្ពុជានៅពេលនេះ គឺដើម្បីជួយការងារ និងផ្តល់បទពិសោធន៍បន្តិចបន្តួចដល់សាកលវិទ្យាល័យអន្តរជាតិ ហើយក្រុមការងារលោកទាំងអស់សប្បាយចិត្តណាស់ ដែលបានមកស្គាល់ប្រទេសកម្ពុជា និងសាកលវិទ្យាល័យអន្តរជាតិជាលើកទី១ ហើយគាត់មកនេះគ្មានគោលបំណងអ្វីនោះទេ គឺមកគ្រាន់តែពិនិត្យ និងព្យាបាលធ្មេញដោយឥតបង់ប្រាក់ និងជូនថ្នាំដុសធ្មេញដល់អ្នកដែលបានមកព្យាបាលតែប៉ុណ្ណោះ។
បន្ទាប់ពីចប់កិច្ចការនៅភ្នំពេញ ក្រុមការងាររបស់លោក នឹងបន្តបំពេញបេសកកម្មនៅខេត្តកំពង់ធំ និងឈានទៅទស្សនៈកិច្ចនៅខេត្តសៀមរាប និងត្រឡប់មកខេត្តកំពង់ធំវិញ។
ដើម្បីឆ្លើយតបតាមតម្រូវការ លោកសង្ឃឹម និងជឿជាក់ថា នៅឆ្នាំក្រោយ លោកនឹងត្រឡប់មកជួបលោកអ្នកជាថ្មីម្តងទៀត នៅសាកលវិទ្យាល័យអន្តរជាតិនេះ បើប្រសិនជាខាងសាលាអញ្ជើញក្រុមការងារគាត់មក នោះគាត់នឹងមកតាមការអញ្ជើញ៕