ពិធីប្រគល់បណ្ណសរសើរជូននិសិ្សតឆ្នើមឆ្នាំសិក្សា ២០១៧-២០១៨ និងពិធីប្រគល់រង្វាន់ស្រាវជ្រាវនិងច្នៃប្រឌិត អ៊ួន សាបូ ឆ្នាំ២០១៨
ភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ អន្តរជាតិ មានកម្មវិធីប្រគល់បណ្ណសរសើរជូននិសិ្សតឆ្នើមក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ព្រមទាំងពិធីប្រគល់រង្វាន់ស្រាវជ្រាវនិងច្នៃប្រឌិត អ៊ូន សាបូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈគ្រប់គ្រងសាស្ត្រាចារ្យ មន្រ្តីបុគ្គលិក រួមទាំងនិសិ្សតជ័យលាភីជាច្រើនកុះករ។
ស្ថិតក្នងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អន្តរជាតិ មានមតិស្វាគមន៍យ៉ាងដូច្នេះថា សាកលវិទ្យាល័យអន្តរជាតិ ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដោយសារ ថ្ងៃនេះ យើងមាននិសិ្សតឆ្នើមចំនួន ៤៣៤នាក់ នារី៣១៧នាក់ និងនិស្សិត១១នាក់ទៀតដែលបានឈ្នះក្នុង ការប្រកួតយករង្វាន់ស្រាវជ្រាវនិងច្នៃប្រឌិត អ៊ួន សាបូ ឆ្នាំ២០១៨ ដែលនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង របស់ប្អូនៗនិសិ្សតក្នុងការសិក្សាដើម្បីពង្រឹងនូវចំណេះដឹងរបស់ខ្លួន។ ឯកឧត្តម ក៏បានបន្តទៀតថា ការប្រារព្ធពិធី នាថ្ងៃនេះ ក៏ចង់រំលឹកដល់ការប្រសូតនៃបិតាស្ថាបនិកដំបូងគេរបស់សាកលវិទ្យាល័យ អន្តរជាតិ គឺលោក សាស្រ្តាចារ្យ អ៊ូន សាបូ ដែលលោកបានបន្សល់ទុកនូវមរតកគ្រឹះស្ថានឧត្តមសិក្សាមួយនេះ។ ព្រឹត្តិការណ៍ថ្ងៃនេះ បានឆ្លុះបញ្ចាំងនូវការអភិវឌ្ឍនូវនិរន្តរភាពរបស់សាកវិទ្យាល័យ ដែលជាការតបស្នងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកផងដែរ ទន្ទឹមនឹងពេលនេះដែរ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះសាកលវិទ្យាល៏យ អន្តរជាតិ ក៏បានប្រកាសការចូលរួមប្រកួតគម្រោងស្រាវជា្រវនិងច្នៃប្រឌិត អ៊ូនសាបូ លើកទី៤ សម្រាប់ ឆ្នាំ២០១៩។ ដោយយោងតាមពាក្យស្លោក សាកលវិទ្យាល័យគ្មានការស្រាវជ្រាវនិងបោះពុម្ពផ្សព្វផ្សាយស្នាដៃ គឺជាសាកលវិទ្យាល័យស្លាប់ ដូច្នេះហើយ ទើបសាកលវិទ្យាល័យ អន្តរជាតិ បានខិតខំចំណាយធនធានមួយផ្នែកដើម្បីផ្គត់ផ្គង់ដល់ការកាសាងមូលដ្ឋានសម្ភារៈស្រាវជ្រាវ ក៏ដូចជាកម្មវិធីពាក់ព័ន្ធនឹង STEM។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យបានជម្រុញឱ្យនិសិ្សតជ័យលាភីខិតខំរក្សាឯកទគ្គកម្មរបស់ខ្លួនបន្តនៅឆ្នាំក្រោយៗទៀត។ ឯកឧត្តមតំណាងអោយសាកលវិទ្យាល័យ អន្តរជាតិ សង្ឃឹមយ៉ាងមុតមាំថាភាគរយនៃនិស្សិតឆ្នើមនឹងកើតឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងពិធីដ៏មហោឡារិកនេះដែរ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក ក្នុងការអភិវឌ្ឍធនធានមនុស្សនៅសាកលវិទ្យាល័យ អន្តរជាតិទាំងមូល។ ឯកឧត្តមបន្តថា សាកលវិទ្យាល័យ អន្តរជាតិ មានការរីកចម្រើនថ្មីៗជាច្រើនទាំងក្នុងផ្អែកអប់រំ និងស្រាវជ្រាវ ក៏ដូចការសហការរបស់ស្ថាប័នជាដៃគូទាំងក្នុង និងក្រៅប្រទេស ។ ក្រៅពីការអភិវឌ្ឍន៍កម្មវិធីសិក្សា ឲ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ យើងក៏បានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត ដើម្បីបំពេញតាមតម្រូវការសិក្សារបស់និស្សិតដូចជា មន្ទីរពេទ្យបណ្តុះបណ្តាល មន្ទីរពិសោធន៍ បណ្ណាល័យ រោងចក្រផលិតឱសថ និងវិទ្យាស្ថានឧបសម្ព័ន្ធជាដើម។ ស្របជាមួយគ្នានេះដែរសាកលវិទ្យាល័យ អន្តរជាតិ បានបង្កើតនូវមជ្ឈមណ្ឌលសារព័ត៌មាន ដែលក្នុងនោះមានវិទ្យុ និងទូរទស្សន៍ ដើម្បីបម្រើដល់សេវាផ្សព្វផ្សាយរបស់ខ្លួន ដ៏ដូចជាការបម្រើដល់ការអប់រំសុខភាព សហគមន៍។ ឯកឧត្តមក៏បានចូលរួមអបអរសាទរ និងចូលរួមសប្បាយរីករាយជាមួយប្អូនៗនិស្សិត ដែលបានទទួលបណ្ណសរសើរជានិស្សិតឆ្នើម និងពានរង្វាន់ស្រាវជ្រាវនិងឆ្នៃប្រឌិត អ៊ួន សាបូ ឆ្នាំ២០១៨ នាពេលនេះ។ នេះគឺជាសមិទ្ធិផលដ៏វិសេសវិសាល ដែលសរបញ្ជាក់ឲ្យឃើញថា ការខិតខំប្រឹងប្រែងសិក្សាទាំងក្នុងគ្រឹះស្ថានសិក្សា ក៏ដូចជានៅក្រៅគ្រឹះស្ថានសិក្សា។ ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ ក៏បានផ្តាំផ្ញើដល់និសិ្សតជ័យលាភីទាំងអស់អោយបន្តខិតខំសិក្សាបន្ថែមដើម្បីគោលដៅរបស់ខ្លួននាពេលខាងមុខប្រកបដោយភាពជោគជ័យនិងមានតម្លៃនៅក្នុងជីវិត និងយកចំណេះដឹងទាំងនេះទៅកសាងគ្រួសារ និងបម្រើសង្គមជាតិប្រកបដោយគុណតម្លៃ និងភាពថ្លៃថ្នូរ។
ជាចុងបញ្ចប់នៃកម្មវិធី ក៏មានការថតរួមគ្នាជាអនុស្សវរីយ៍ជាមួយគណៈអធិបតីនិងនិសិ្សតជ័យលាភីផងដែរ៕