ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍របស់សាកលវិទ្យាល័យ អន្តរជាតិ
ភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ អន្តរជាតិ មានពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍របស់សាកលវិទ្យាល័យ អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ និងថ្នាក់ដឹកនាំ ព្រមទាំងនិសិ្សតអាហារូបករណ៍ជាច្រើននាក់។
មានមតិសំណេះសំណាលឯកឧត្តមសាកលវិទ្យាធិការ បានដាស់តឿនដល់និស្សិតអាហារូបករណ៍ ឲ្យបន្តខិតខំប្រឹងប្រែងលើមុខវិជ្ជារបស់ខ្លួន ដើម្បីកា្លយជានិស្សិតឆ្នើម និងមានចំណេះដឹងពិតប្រាកដ ជាធនធានមនុស្សដ៏សំខាន់ដើម្បីចូលរួមចំណែកដឹកនាំសង្គមជាតិ លោកក៏បានជម្រុញអោយនិស្សិតគ្រប់រូប ចូលរួមប្រើប្រាស់បរិក្ខាដែលសាកលវិទ្យាល័យដាក់អោយប្រើប្រាស់មានដូចជា បណ្ណាល័យ បន្ទប់កុំព្យូទ័រជាដើម ដើម្បីឆ្លើយតបទៅនឹងការពង្រឹងចំណេះដឹងបន្ថែមទៀត។ ឯកឧត្តមក៏បានបន្តទៀតថា ពីមួយអាណត្តទៅមួយអាណត្ត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ធ្វើកំណែទម្រង់លើប្រព័ន្ឋអប់រំ ជាពិសេសក្រសួង សុខាភិបាល និងក្រសួងអប់រំ យុវជននិងកីឡា។ ស្ថិតក្នុងគោលនយោបាយឈ្នះ ឈ្នះ ដែលរាជរដ្ឋាភិបាល ដាក់ចេញសម្រាប់ធ្វើការអនុវត្តន៍ ទៅលើគុណភាពសិក្សា គុណភាពអប់រំ ដែលជាមូលដ្ឋានគ្រឹះ អាទិភាពសម្រាប់ចូលរួមចំណែកក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍន៍នេះ។ លោកសាស្រា្តចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ បន្តថាសព្វថ្ងៃនេះ សង្គមជាតិត្រូវការធនធានមនុស្សដែលមានចំណេះជំនាញពិតប្រាក ទាំងវិស័យឯកជន និងរដ្ឋ។ ដូច្នេះនិស្សិតដែលទទួលបានអាហារូបករណ៍ពីសាកលវិទ្យល័យហើយគួរណាស់ត្រូវតែខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដណ្តើមបាននូវចំណេះដឹងពិតប្រាកដ ទាំងទ្រឹស្តីនិងការអនុវត្តន៍ផងដែរ។
ក្រោយពេលធ្វើការសំណេះសំណាលនិងផ្តាំផ្ញើដល់និស្សិត អាហាររូបករណ៍រួចមក លោកសាស្រា្តចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ បានលើកទឹកចិត្ត និងបើកទំព័រថ្មីមួយទៀតដើម្បីឲ្យនិស្សិតចូលរួមចំណែកក្នុងការងារសង្គមជាតិ តាមរយៈអង្គការមូលនិធិនិស្សិតកម្ពុជា ដែលអង្គការនេះបង្កើតឡើងសម្រាប់ជួយទ្រទ្រង់ និងគាំពារ ដល់សិស្សនិស្សិតខ្វះខាត និងគ្មានលទ្ឋភាពបន្តការសិក្សាថ្នាកឧត្តមសិក្សា ។ ដូច្នេះហើយលោកសាស្រា្តចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ តំណាងឲ្យសាកលវិទ្យាល័យ អន្តរជាតិ បានបង្កើតអង្គការនេះឡើង ដើម្បីឲ្យនិស្សិតអាហារូបករណ៍ ក៏ដូចជានិស្សិតទូទៅចូលរួមចំណែកក្នុងការងារសង្គម និងរួមចំណែកលើកទឹកដល់សិស្សនិស្សិតដែលមានគំនិតបោះបង់ការសិក្សាដោយប្រការខ្វះខាតផ្នែកជីវភាព។ ឯកឧត្តម បញ្ជាក់ថាអង្គការនេះបង្កើតឡើងដោយមានឯកឧត្តមផ្ទាល់ជាប្រធាន និងមានការចូលរួមពីសមាជិកសមាជិកាដែលជាសាស្ត្រា គ្រូបង្រៀន និងសិស្សនិស្សិតផងដែរ។ ជាចុងក្រោយលោកបណ្ឌិត សាបូ អូហ្សាណូ បានផ្តាំដល់និស្សិតទាំងអស់ជៀសឲ្យផុតពីគ្រឿងញៀន៕