កម្មវិធីសិក្ខាសាលាស្តីពីការផ្លាស់ប្តូរចែករំលែកចំណេះផ្នែកវេជ្ជសាស្ត្រអន្តរជាតិ
ភ្នំពេញ ថ្ងៃ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ មានរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី ការផ្លាស់ប្តូរចំណេះផ្នែកវេជ្ជសាស្ត្រអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ និងក្រុមអ្នកវេជ្ជសាស្រ្តតៃវ៉ាន់ស្ម័គ្រចិត្តដែលអញ្ជើញមកពីសហជីពអាស៊ីប៉ាស៊ីហ្វិចវេជ្ជសាស្ត្រសកល នៃប្រទេសចិនតាមរយៈសមាគមវេជ្ជសាស្ត្រកម្ពុជា-ចិន រួមទាំងនិស្សិតប្រមាណ ២០០នាក់ក្នុងនោះភាគច្រើនជានិស្សិតពេទ្យបានចូលរួមជាច្រើនកុះករ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ បានមានប្រសាសន៍ថាកម្មវិធីសិក្ខាសាលានេះពិតជាមានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់និស្សិតដែលកំពុងសិក្សាផ្នែកវេជ្ជសាស្ត្រ និងនិស្សិតទូទៅអោយបានយល់ដឹងពីរបៀបនៃការជួយសង្រ្គោះបឋម គន្លឹះផ្សេងៗដែលត្រូវជួយដល់ជនរងគ្រោះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានអញ្ជើញមកចែករំលែកចំណេះដឹងដល់និស្សិត និងបានផ្តាំផ្ញើរដល់និសិ្សតដែលបានចូលរួមអោយយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវការបង្ហាញនានារបស់គ្រូពេទ្យដែលជាវាគ្មិនទាំងអស់។