និស្សិតសាកលវិទ្យាល័យអន្តរជាតិនឹងទទួលបានអាហា រូបករណ៍ទៅការសិក្សាបន្តនៅសាកលវិទ្យាល័យឥណ្ឌូនេស៊ី (Universitas Indonesia)
តបតាមការអញ្ជើញរបស់ ឯ.ឧ សាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ជំនួបផ្លូវការមួយត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យអន្តរជាតិ ភ្នំពេញ រវាងប្រតិភូសាកលវិទ្យាល័យអន្តរជាតិ ជាមួយប្រតិភូមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យឥណ្ឌូនេស៊ី ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងរសាកលវិទ្យាល័យទាំងពីរដើម្បីលើកកម្ពស់គុណភាពអប់រំនិងស្រាវជ្រាវ។
ប្រតិភូសាកលវិទ្យាល័យអន្តរជាតិដឹកនាំដោយ លោកបណ្ឌិត សឿន សម្បត្តិ សាកលវិទ្យាធិការស្តីទី អមដោយ លោក ឯក តារារិទ្ធ ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ លោក សុក ណាត់ថា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមួលដ្ឋាន លោក សាយ រិទ្ធី មន្ត្រីមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ប្រតិភូសាកលវិទ្យាល័យឥណ្ឌូនេស៊ីដឹកនាំដោយលោក បណ្ឌិត មូហាម៉ាត់ អាស្វៀល ព្រឹទ្ធបុរសរង នៅក្នុងព្រឹទ្ធបុរសរងទទួលបន្ទុកសិក្សាធិការ អមដោយ លោកបណ្ឌិត អាក់ម៉ាត់ ហឺម៉ាន យូវ៉ូណូ ព្រឹទ្ធបុរសរងទទួលបន្ទុកកិច្ចការស្រាវជ្រាវ នៃមហាវិទ្យាល័យវិស្វកម្មសាកលវិទ្យាល័យឥណ្ឌូនេស៊ី។
នៅក្នុងជំនួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនិងផ្លែផ្កានាឱកាសនោះ ប្រតិភូទាំបានឯកភាពជាគោលការណ៍លើគម្រោងបីសំខាន់ៗគឺ ១. ការសហការលើគម្រោងស្រាវជ្រាវរួមគ្នាលើវិស័យវិស្វកម្មនិងវិទ្យាសាស្រ្ត ២. កម្មវិធីផ្លាស់ប្តូរនិស្សិតដែលមានរយៈពេលចាប់ពី១ឆមាសទៅ២ឆមាស តាមការចាំបាច់និងតម្រូវការជាក់ស្តែង ៣. ការផ្លាស់ប្តូរបទពិសោធន៍សាស្ត្រាចារ្យ ដើម្បីលើកកំពស់សមត្ថភាពបណ្តុះបណ្តាល។
គម្រោងដំបូងដែលនឹងត្រូវបានអនុវត្តសាកល្បងជាបឋមនោះ គឺការបញ្ជូននិស្សិតវិស្វករសំណង់ស៊ីវិល និងពត៌មានវិទ្យាទៅសិក្សារយៈពេល២ឆមាស នៅខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខ ដោយភាគីទទួលជាអ្នករ៉ាប់រ៉ងការចំណាយលើការស្នាក់នៅនិងហូបចុកប្រចាំខែចំនួន ៥លានរូពីឥណ្ឌូនេស៊ី ស្មើនឹងប្រមាណ ៥០០ ដូល្លារ ក្នុង១ខែ និងការសិក្សាដោយឥតគិតថ្លៃ។
ដោយ អេរិក
Share