កម្មវិធីទិវានិស្សិត២០១៩ នៅសាកលវិទ្យាល័យ អន្តរជាតិ
ភ្នំពេញ នៅបរិវេនមុខសាកលវិទ្យាល័យ អន្តរជាតិ មានប្រារព្ធកម្មវិធីទិវានិស្សិតលើកទី៦ ឆ្នាំ២០១៩ នាព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ រួមជាមួយថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ អន្តរជាតិ បុគ្គលិក និស្សិត ជាច្រើនកុះករ ព្រមទាំងបុគ្គលិកក្រុមហ៊ុនមួយចំនួនដែលបានដាក់តាំងផលិតផលរបស់ខ្លួនផងដែរ។
តាងនាមឲ្យគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ អន្តរជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង ក៏បានធ្វើការថ្លែងអំណរគុណដល់វត្តមានរបស់សាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតដែលបានចូលរួមកម្មវិធីនេះ។ ឯកឧត្តមបណ្ឌិត ក៏បានបន្តទៀតថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីពង្រឹងទំនាក់ទំនងរវាងនិស្សិត និងនិសិ្សត និស្សិតនិងលោកសាស្រ្តចារ្យ ព្រមទាំងបុគ្គលិកនៃមហាគ្រួសារសាកលវិទ្យាល័យ អន្តរជាតិ ទាំងមូលនិងដើម្បីអបអរស្វាគមន៍ដល់សង្រ្កាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងឈានចូលនាថ្ងៃទី១៤ ខែមេសាខាងមុខឆាប់ៗនេះ។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ទៀតដែរថា កម្មវិធីនេះក៏បានរួមបញ្ចូលនៅកម្មវិធីរំលឹកគុណគ្រូ ដែលជាការតំណាងឲ្យការដឹងគុណលោកគ្រូ អ្នកគ្រូ សាស្រ្តចារ្យ ដែលបានខិតខំបណ្តុះបណ្តាលដល់ និសិ្សតដោយមិនគិតពីការនឿយហត់ ការពេលវេលា។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ក៏បានឲ្យតម្លៃខ្ពស់លើគណៈកម្មការរៀបចំកម្មវិធីដែលមាន លោកព្រឹទ្ធបុរស នៃមហាវិទ្យាល័យពាណិជ្ជសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជ័យ សំណាង ជាប្រធាន ដែលខិតខំដឹកនាំដំណើរការកម្មវិធីទាំងមូលឲ្យដំណើរការដោយរលូតអមដោយភាពសប្បាយរីករាយ។
ដោយឡែកនៅតាមស្តង់នីមួយៗ មានការដាក់តាំងផលិតផលដែលជាស្នាដៃនិស្សិត និងក្រុមហ៊ុនមួយចំនួន ដែលមាន ស្តង់ប្រមាណ ២៦ស្តង់ រចនាតាមបែបប្លែកៗ មើលទៅគួរជាទីទាក់ទាញ និងប្លែកភ្នែក ដែលមានផលិតផលចំរុះរួមមាន ផលិតផលកសិកម្ម ផលិតផលថែរក្សាសុខភាព និងមុខម្ហូបសំបូរបែបជាច្រើនថែមទៀតផង។ នៅក្នុងកម្មវិធីនេះដែរ ក៏មានការសម្តែងរបាំប្រពៃណីមានដូចជា របាំជូនពរ ព្រាបស របាំកែន របាំគោះត្រឡោក ចង្វាក់ប្រពែណី ការសម្តែងក្បាច់គុណល្បុក្កតោ និងការលេងល្បែងប្រជាប្រិយដូចជា ទាញព្រ័ត្រ វាយក្អម លាក់កន្សែងជាដើម ព្រមទាំងមានវត្តមានតារាចម្រៀងល្បីល្បាញគឺលោក ខាន់ ជែមស៍ ក៏បានអញ្ជើញចូលរួមដែលធ្វើឲ្យកម្មវិធីទាំងមូលកាន់តែមានភាពសប្បាយរីករាយជាមួយនឹងការរាំលេងកំសាន្តតាមបែបចង្វាក់ប្រជាប្រិយខ្មែរទៀតផង។ ជាមួយគ្នានេះដែរ ក៏មានការស្វែងរកប្រជាប្រិយភាពពីសំណាក់ ស្តង់នៃក្រុមនិសិ្សត តារាចម្រៀងនិស្សិត និងក្រុមរាំផងដែរ។
កម្មវិធីបានបញ្ចប់នៅម៉ោង៧ល្ងាច ដោយបន្សល់ទុកនៅភាពសប្បាយរីករាយ នឹងស្នាមញញឹមមិនអាចបំភ្លេចបាន៕