សិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធទិន្នន័យសារធាតុបំពុលសាយភាយ និងបំលាស់ទីចូលទៅក្នុងបរិស្ថាន
ភ្នំពេញ ព្រឹកថ្ងៃ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ អន្តរជាតិ មានកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធទិន្នន័យសារធាតុបំពុលសាយភាយ និងបំលាស់ទីចូលទៅក្នុងបរិស្ថាន ដែលរៀបចំដោយអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ឡុង រិទ្ធីរក្ស អគ្គនាយករងគាំពារបរិស្ថាន លោក សុផល ឡាស្តា អនុប្រធាននាយកដ្ឋានគ្រប់គ្រងសរធាតុគ្រោះថ្នាក់ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងនិស្សិតមកសាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ចូលរួមជាច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សាបូ អូហ្សាណូ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រី្តក្រសួងបរិស្ថាន ដែលបានផ្តល់ការគាំទ្រដល់អគ្គនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ អោយរៀបចំសិក្ខាសាលានេះឡើងដើម្បីចែករំលែកព័ត៌មានស្តីពីសារធាតុគីមី និងការបំពុលបរិស្ថានជូនទៅដល់ប្អូនៗជានិសិ្សតដើម្បីអោយបានយល់ដឹងកាន់តែច្បាស់នូវការគាំពារបរិស្ថានរបស់យើងទាំងអស់គ្នា និងដើម្បីបន្តការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ។ ឯកឧត្តម ក៏បានបន្តទៀតថា ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាសារធាតុគីមីបានបង្កជាកង្វល់ដ៏ធំមួយដល់មនុស្សជាតិទូទាំងសកលលោក ដោយសារទាំងសកម្មភាពផលិត ប្រើប្រាស់បានបន្សល់នូវសារធាតុសំនល់គ្រោះថា្នក់ជាច្រើនដែលបានធ្លាក់ចូលទៅក្នុងបរិស្ថាន មានទឹក ខ្យល់ ដី តាមរយៈការសាយភាយ ហុយ ការបំពុល ការភាយចេញ ឬក៏តាមរយៈការបំលាស់ទីដូចជាការដឹកជញ្ជូនសំនល់ទៅបោះបង់ចោលដោយគ្មានការគ្រប់គ្រងជាដើម។ ជាលទ្ធផលយើងបានធ្វើអោយបរិស្ថាន សំបូរទៅដោយជាតិពុល និងបានចំលងចូលទៅក្នុងម្ហូបអាហារ ដូចជាបន្លែ ត្រី សាច់ ហើយបានបង្កជាគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងជីវៈចំរុះទៀតផង។ ថ្ងែនេះជាថ្ងៃដ៏ពិសេសដែលអគ្គនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ នៃក្រសួងបរិស្ថានបានមកផ្តល់ចំណេះដឹងថ្មីបន្ថែមពីសំណាក់វាគ្មិនជំនាញជូនដល់ប្អូនៗ។ ក្នុងកម្មវិធីបន្ទាប់ ឯកឧត្តម ក៏បានផ្តល់កិត្តិយសថតរូបជាមួយនិសិ្សត និងប្រកាសបើកកម្មវិធីសិក្ខាសាលា៕