ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិ
ភ្នំពេញ ព្រឹកថ្ងៃ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិ សរុបចំនួន ៤៧១អង្គ~នាក់ ស្រី ១៩៩នាក់ ដែលនៅក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៦នាក់ ថ្នាក់បរិញ្ញាបត្រចំនួន ៤១៣នាក់ និងថ្នាក់បរិញ្ញាបត្ររងចំនួន ៣២នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រចារ្យ និងបុគ្គលិកយ៉ាងច្រើនកុះករ ។
នៅក្នុងពិធីដ៏មហោឡារិកនេះ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការក៏បានធ្វើការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងបានរាយការណ៍អំពីស្ថានភាពនៃការរីកចម្រើនរបស់សាកលវិទ្យាល័យយ៉ាងដូចច្នេះថា សាកលវិទ្យាល័យ អន្តរជាតិ គឺជាសាកលវិទ្យាល័យឯកជនមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០២ ដែលមាននិស្សិតដែលបានបញ្ចប់ការសិក្សាមានប្រមាណ ២៩៨៧នាក់ និងនិស្សិតដែលកំពុងសិក្សាប្រមាណ ២៤៩៦នាក់ ដែលនេះជាសមិទ្ធិផលដ៏ថ្លៃថ្លាដែលសាកលវិទ្យាល័យ អន្តរជាតិ បានបំពេញតួនាទីរបស់ខ្លួនក្នុងការផលិតនូវធនធានដ៏មានតម្លៃបន្ថែមទៀតដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន។
ដោយឡែកឯកឧត្តម ពិត ចំណាន ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម សាកលវិទ្យាធិការ ក៏ដូចជាថ្នាក់ដឹកនាំទាំងមូលនៅក្នុងសាកលវិទ្យាល័យ អន្តរជាតិ ដែលបាននឹងកំពុងខិតខំប្រឹងប្រែងបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព និងគុណតម្លៃដែលមិនអាចកាត់ថ្លៃបានដែលនេះជាធនធានដ៏ល្អសម្រាប់អភិវឌ្ឍប្រទេសជាតិទាំងមូល។
ជាចុងបញ្ចប់ឯកឧត្តម ពិត ចំណាន បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និសិ្សតទាំង ៤៧១នាក់ និងផ្តល់កិត្តិយសថតរូបជាមួយអ្នកដឹកនាំ និងនិស្សិតទុកជាអនុស្សាវរីយក្នុងបរិយាកាសស្និទិស្នាល និងរីករាយក្រៃលែង៕