ពិធីប្រគល់បណ្ណសរសើរដល់និសិ្សតឆ្នើមរបស់សាកលវិទ្យាល័យ អន្តរជាតិ ឆ្នាំសិក្សា ២០១៦ ~ ២០១៧
ភ្នំពេញ ព្រឹកថ្ងៃ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសីទ៥០១ នៃសាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំកម្មវិធីប្រគល់បណ្ណសរសើរដល់និស្សិតឆ្នើម ចំនួន៤៣៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ និងលោកជំទាវ អ៊ុក រ៉ាវីន ប្រធានរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកពាក់ព័ន្ធនៃសាកលវិទ្យាល័យ អន្តរជាតិ ទាំងមូល។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ បានលើកឡើងថាសាកលវិទ្យាល័យ អន្តរជាតិ មានបទពិសោធន៍លើការបណ្តុះបណ្តាលចំនួន១៥ឆ្នាំ ប្រកបដោយភាពជោគជ័យ ដោយមានសាស្រ្តាចារ្យ មន្រ្តី បុគ្គលិក គ្រប់គ្រាន់ដែលមានសញ្ញាបត្រខ្ពស់ បទពិសោធន៍ការងារជាក់ស្តែង ច្បាស់លាស់ ហើយមានសាកលវិទ្យាល័យជាដៃគូរអន្តរជាតិជាច្រើនទូទាំងពិភពលោក។ ជាពិសេស សាកលវិទ្យាល័យ អន្តរជាតិ មានអគារផ្ទាល់ខ្លួនដែលមានវិសាលភាព បណ្តុះបណ្តាលនិស្សិតរហូតដល់ជិត ២ម៉ឺននាក់ រចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់ស្របតាមស្តង់ដារ ប្រកបដោយផាសុកភាព និងបរិស្ថានល្អ ទាំងការិយាល័យធ្វើការ បណ្ណាល័យ សាលសន្និសិទ សហសាលសិក្សា បន្ទប់ប្រជុំ បន្ទប់អនុវត្ត បន្ទប់សិក្សាគ្រប់ប្រភេទ បំពាក់ដោយសម្ភារបរិក្ខា ប្រព័ន្ធបច្ចេកវិជ្ជាទំនើប គ្រប់គ្រាន់ និងទាន់សម័យ ព្រមទាំងមានសាខានៅតាមបណ្តាខេត្តមួយចំនួន រួមទាំងមន្ទីពេទ្យ រោងចក្រផលិតឱសថ ស្ថានីយ៍ទូរទស្សន៍ វិទ្យុទៀតផង។ និស្សិតដែលកំពុង និងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ សុទ្ធតែមានការងារ និងមុខរបរផ្ទាល់ខ្លួនប្រកបដោយភាពជោគជ័យនៅតាមស្ថាប័នរដ្ឋ និងបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ សណ្ឋាគារ សង្គមស៊ីវិលនានា រហូតដល់ជាង៩៨ភាគរយ។
ដើម្បីលើកទឹកចិត្តដល់និស្សិត ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រសាកលវិទ្យាល័យបានផ្តល់បណ្ណសរសើរដល់និស្សិតដែលរៀនពូកែ ដែលមានពិន្ទុ GPA ចាប់ពី 3.5 ឡើងទៅជារៀងរាល់ឆ្នាំ និងការលើកទឹកចិត្តនានាមួយចំនួនទៀត។
ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ ក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក និងសាស្រ្តាចារ្យក្នុងការដឹកនាំ គ្រប់គ្រងសាកលវិទ្យាល័យ អន្តរជាតិ ផ្អែកតាមផែនការយុទ្ធសាស្រ្ត ធ្វើឱ្យសាកលវិទ្យាល័យមានការរីកចម្រើនឥតឈប់ឈរ និងបានធ្វើការកោតសរសើរដល់ប្អូនៗនិស្សិតដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់គួរជាទីមោទនៈនេះ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ ក៏បានផ្ដល់អនុសាសន៍ផ្តាំផ្ញើរដល់ប្អូនៗនិស្សិតត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ និងស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈនៃការរស់នៅក្នុងសង្គម ដែលជាសសរស្តម្ភយ៉ាងសំខាន់ចាំបាច់សម្រាប់អនាគតរបស់ប្អូនៗ និងរៀបចំខ្លួន ឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃមុខរបរ ឬការងារទៅតាមវិស័យនីមួយៗទាំងវិស័យសាធារណៈ វិស័យឯកជន ឬអង្គការជាតិ និងអន្តរជាតិនានាដោយប្រឹងប្រែងយកចិត្តទុកដាក់ បំពេញការងារដោយស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ព្រមទាំងបំពេញការងារដោយមានគោលដៅច្បាស់លាស់។