សាកលវិទ្យាល័យអន្តរជាតិ និង Northern State Medical University ត្រៀមខ្លួនក្នុងការផ្លាស់ប្ដូរនិស្សិត
សាកលវិទ្យាល័យអន្តរជាតិ និង Northern State Medical University នៃប្រទេសរុស្ស៊ី បានចុះអនុស្សរណៈយោគយល់គ្នាស្ដីពីការផ្លាស់ប្ដូរនិស្សិតថ្នាក់ឧត្ដមសិក្សារវាងសាកលវិទ្យាល័យទាំងពីរ កាលពីខែកុម្ភៈកន្លងទៅនេះ។
លោក ទេព ណាវុធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអន្តរជាតិ ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍នៅក្នុងពិធីថា ស្ថិតក្នុងចក្ខុវិស័យវែងឆ្ងាយ ក្នងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន សាកលវិទ្យាល័យអន្តរជាតិដែលមានឯកឧត្ដមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ ជាថ្នាក់ដឹកនាំ តែងតែស្វែងរកដៃគូអន្តរជាតិដើម្បីធ្វើយ៉ាងណាផ្ដល់ឱកាសដល់និស្សិតទៅបន្តការសិក្សានៅក្រៅប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកបម្រើ និងអភិវឌ្ឍប្រទេសជាតិយើងប្រកបដោយស្ដង់ដារ។ ជាក់ស្ដែងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការផ្លាស់ប្ដូរនិស្សិតថ្នាក់ឧត្តមសិក្សារវាងសាកលវិទ្យាល័យទាំងពីរនេះ ក៏ធ្វើការផ្លាស់ប្ដូរនូវរាស់ព័ត៌មាន និងសកម្មភាពផ្សេងៗ រវាងសាកលវិទ្យាល័យទាំងពីរ។ លោក ទេព ណាវុធ បានបញ្ជាក់អំពីគោលជំហរយ៉ាងរឹងមាំរបស់សាកលវិទ្យាល័យអន្តរជាតិថា សាកលវិទ្យាល័យបានត្រៀមខ្លួនរួចជាស្រចហើយក្នុងការបញ្ជូននិស្សិតរបស់ខ្លួនទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Northern State។
លោកបណ្ឌិត Alexender Barou តំណាងថ្នាក់ដឹកនាំសាកលវិទ្យាល័យ Northern State នៃប្រទេសរុស្ស៊ី បានលើកឡើងថា ការចុះអនុស្សរណៈនេះមិនត្រឹមតែជាការចែករំលែកនូវចំណេះដឹងប៉ុណ្ណោះទេ ពោលគឺវាបានបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរលើវិស័យអប់រំ ដែលជាផ្នែកដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែនិស្សិតដែលសិក្សាថ្នាក់ឧត្ដម និងងថ្នាក់អនុបណ្ឌិតប៉ុណ្ណោះដែលទទួលបានឱកាសដើម្បីទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Northern State ក្នុងនោះនិស្សិត និងបុគ្គលិករបស់សាកលវិទ្យាល័យទាំងពីរក៏មានឱកាសផងដែរ ក្នុងការចូលរួមសិក្ខាសាលា និងការផ្លាស់ប្ដូរនូវរាល់ព័ត៌មានផ្សេងៗ រវាងគ្នានឹងគ្នាផងដែរ។