និស្សិតនៃសាកលវិទ្យាល័យ អន្តរជាតិ ចុះទស្សនកិច្ចនៅខេត្តមណ្ឌលគិរី
និស្សិតពេទ្យ និងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យអន្តរជាតិចំនួន ៤៥០ នាក់បានចុះធ្វើទស្សនកិច្ចសិក្សារយៈពេល ៣ ថ្ងៃនៅខេត្តមណ្ឌលគិរី។ ដំណើរទស្សនកិច្ចនេះដឹកនាំដោយលោកសាស្ត្រាចារ្យ ឈាង ស៊ីណា សាកលវិទ្យាធិការរង និងជាព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យអន្តរជាតិ។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានោះ ក្រុមនិស្សិតទាំងអស់ទទួលបានការអប់រំបន្ថែមនៅលើរថយន្ត ពីសំណាក់សាស្ត្រាចារ្យដែលចូលរួមដំណើរ អំពីមេរៀនមួយចំនួនពាក់ព័ន្ធទៅនឹងឱសថ និងក្រមសីលធម៌របស់គ្រូពេទ្យ។ ក្រោយពីទទួលបាននូវចំណេះដឹងទាំងអស់នេះហើយ ក្រុមនិស្សិតទាំងអស់បានធ្វើទស្សនកិច្ចសិក្សានៅតាមតំបន់រមណីយដ្ឋានមួយចំនួនទៀតនៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន សិក្សាអំពីតំបន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលមានធម្មជាតិស្រស់បំព្រង មានព្រៃឈើខ្ពស់ៗ ដែលអាចឲ្យក្រុមនិស្សិតសិក្សាអំពីដើមឈើដែលអាចយកមកធ្វើជាឱសថព្យាបាលជំងឺបានទៀតផង។
ក្រុមនិស្សិតទាំងអស់ក៏បានទៅធ្វើទស្សនកិច្ចសិក្សានៅចំការកាហ្វេ ដែលមានដាំដំណាំជាច្រើនក្នុងនោះមានដូចជា ដំណាំស្ត្រូបឺរី កាហ្វេ ផ្លែស្រកានាគ ម្រេច និងទុរេន ដោយដំណាំខ្លះក៏អាចយកមកធ្វើជាឱសថបាន។ ក្រុមនិស្សិតក៏បានទៅទស្សនារមណីយដ្ឋានសមុទ្រឈើផងដែរ។
បន្ទាប់មក ក្រុមនិស្សិត និងសាស្ត្រាចារ្យទាំងអស់បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនជនជាតិដើមភាគតិចនៅភូមិពូទីន ដើម្បីសិក្សាពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ដោយបាននាំយកប្រេងកូឡា និងថ្នាំពេទ្យដែលជាការផលិតដោយផ្ទាល់របស់និស្សិតយកទៅចែកជូនផងដែរ ព្រមទាំងបានផ្ដាំផ្ញើដល់ពួកគាត់ ធ្វើយ៉ាងណាត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ព្រោះនេះជារដូវត្រជាក់។ ម្យ៉ាងវិញទៀត ត្រូវគោរព និងប្រកាន់ខ្ជាប់នូវគោលការណ៍ល្អ ៣ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាតទើបជាការប្រសើរ។ ជាចុងក្រោយ ក្រុមនិស្សិតបាននាំគ្នារាំលេងកម្សាន្តថែមទៀតផង។
សូមបញ្ជាក់ផងដែរថា នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ៣ ថ្ងៃនោះ ក្រុមនិស្សិតទាំងអស់ទទួលបាននូវចំណេះដឹងថ្មីៗ ជាច្រើនពីសាស្ត្រាចារ្យរបស់ខ្លួន ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ និងទទួលបានការកម្សាន្តយ៉ាងសប្បាយរីករាយ បង្កើតបានជាចំណងមិត្តភាព សាមគ្គីភាពរវាងគ្នានិងគ្នា ពីថ្នាក់មួយទៅថ្នាក់មួយ និងពីជំនាន់មួយទៅជំនាន់មួយទៀតផង។