អបអរសាទរ កម្មវិធីតម្រង់ទិសនិស្សិត ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ឆ្នាំទី១ ឆ្នាំសិក្សា ២០១៧ – ២០១៨
ភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ អន្តរជាតិ មានកម្មវិធីតម្រង់ទិសសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ឆ្នាំទី១ ក្នុងឆ្នាំសិក្សា ២០១៧ – ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាស្ត្រចារ្យមហាបរិញ្ញា លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធាន-អនុប្រធានដេប៉ាតឺម៉ង់ សាស្ត្រាចារ្យ ព្រមទាំងនិស្សិតជាច្រើនកោះករ។ នៅក្នុងកិច្ចសំណេះសំណាល ឯកឧត្តម សាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ បានរៀបរាប់ពីប្រវត្តរបស់សាកលវិទ្យាល័យ អន្តរជាតិ យ៉ាងដូច្នេះថា “សាកលវិទ្យាល័យ អន្តរជាតិ បានបង្កើតឡើងនៅឆ្នាំ២០០២ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ អន្តរជាតិ មានចំនួនជាង ៤០០០នាក់ និងនិស្សិតដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យអន្តរជាតិ មានចំនួនជាង ៤០០០នាក់ ដែលនៅក្នុងនោះមានមហាវិទ្យាល័យចំនួន ១០ នាពេលបច្ចុប្បន្ន រួមមាន (១) មហាវិទ្យាល័យ មនុស្សសាស្ត្រ និងភាសា (២) មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងសារពត៌មាន (៣) មហាវិទ្យាល័យ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (៤) មហាវិទ្យាល័យវេជ្ជសាស្ត្រ និងរោគកុមារ (៥) មហាវិទ្យាល័យ ទន្តវទនសាស្ត្រ (៦) មហាវិទ្យាល័យ ឱសថសាស្ត្រ និង (៧) មហាវិទ្យាល័យ វិទ្យាសាស្ត្រថែទាំវេជ្ជសាស្ត្រ (៨) មហាវិទ្យាល័យ ពាណិជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (៩) មហាវិទ្យាល័យ នីតិសាស្ត្រ និង (១០) មហាវិទ្យាល័យ វិទ្យាសាស្ត្រកសិកម្ម និងអភិវឌ្ឍន៍ជនបទ” ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យ អន្តរជាតិ មានអគារសម្រាប់ទ្រទ្រង់ដល់ការសិក្សា មានដូចជា៖ អគារសាកលវិទ្យាល័យអន្តរជាតិ នៅផ្លូវ ១៩៨៦ កែង ១០១១ នៅឆ្នាំ២០០៨ អគារអន្តេវាសិកដ្ឋាន នៅឆ្នាំ២០០៩ អគារមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ នៅឆ្នាំ២០០៩ អគារវិទ្យាស្ថានបូលីណូ ខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០១០ អគារសិក្សា អ៊ួន សាបូ នៅឆ្នាំ២០១០ អគាររោងចក្រផលិតឱសថ IPF នៅឆ្នាំ២០១១ អគារសាកលវិទ្យាល័យអន្តរជាតិ ខេត្តបាត់ដំបង ឆ្នាំ២០១៤ អគារ NTV ឆ្នាំ២០១៥ អគារសាកលវិទ្យាល័យអន្តរជាតិ ខេត្តកំពត នៅឆ្នាំ២០១៧។