ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ញើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានអញ្ញើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រថ្នាក់បណ្ឌិត ថ្នាក់ឱសថការី ឧត្តម ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងវិញ្ញាប័នបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជូនដល់និស្សិតដែលបានចប់ការសិក្សាឆ្នាំ ២០១១ – ២០១២ នៃសាកលវិទ្យាល័យអន្តរជាតិ សរុបចំនួន ៧៩៦ នាក់ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក និងបច្ចុប្បន្ន សាកលវិទ្យាល័យអន្តរជាតិ បានកំពុងតែបណ្តុះបណ្តាលនិស្សិត ដែលស្របតាមការអនុវត្ត និងផែនការយុទ្ធសាស្ត្ររបស់ខ្លួនក្នុងគោលដៅ ចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ របស់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល ក្នុងការធានាក្នុងលទ្ធភាព ទទួលបាននូវសេវាអប់រំ ប្រកបដោយគុណភាពនិងសមធ៌ម ដែលក្នុងនោះគឺបានពង្រឹងនូវវិសាលភាព និងការផ្តល់នូវសេវាអប់រំ កំរិតឧត្តមសិក្សា ក្រោមឧត្តមសិក្សា កំរិតបណ្ឌិត លើមុខជំនាញជាច្រើនទៀតផងដែរ។
ឯកឧត្តមសាកលវិទ្យាធិការ បានបន្តថា ដោយបានឆ្លងកាត់ការងារជាក់ស្តែងជាង ១០ ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីថ្ងៃចាប់កំណើត នៃសាកលវិទ្យាល័យអន្តរជាតិនៅឆ្នាំ២០០២ ដែលបានបង្ហាញឲ្យឃើញពីគុណភាព នៃការបណ្តុះបណ្តាល គឺសុទ្ធនៅលើសមត្ថភាព នៃការដឹកនាំ សីលធ៌មវិជ្ជាជីវៈ សមត្ថភាពនៃការបង្រៀន ការសិក្សាអប់រំនិស្សិត ដែលបានផ្សារភ្ជាប់ទៅនិងកម្មសិក្សា ដូចជាការអនុវត្តហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក ដើម្បីធានានូវលក្ខណៈស្តង់ដាអប់រំ ប្រកបដោយគុណភាព និងនិរន្តរភាព។ មិនតែប៉ុណ្ណោះនៅពេលនេះ សាកលវិទ្យាល័យអន្តរជាតិបានធ្វើការកែទម្រង់ និងស៊ីជម្រៅជាបន្តបន្ទាប់លើគ្រប់ផ្នែក ក្នុងការបណ្តុះបណ្តាលដល់និស្សិត ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់សង្គមជាតិ និងសុដុមទីផ្សារការងារ។
ឯកឧត្តម សាកលវិទ្យាធិការបណ្ឌិត សាបូ អូហ្សាណូ បន្តថា ដូចគ្នានេះដែរ ដើម្បីធានានូវគុណភាព និងបរិមាណនៃការបណ្តុះបណ្តាល សាកលវិទ្យាល័យអន្តរជាតិ បានធ្វើប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍថ្នាក់វិស័យអប់រំ ក្នុងក្របខណ្ឌថ្នាក់ជាតិ និងអន្តរជាតិ លើមូលដ្ឋានវិស័យអប់រំសំរាប់ផ្លាស់ប្តូរបទពិសោធន៍ ក៍ដូចជាផ្តល់ឱកាសឲ្យសាស្រា្តចារ្យ ព្រមទាំងនិស្សិត ទទួលបាននូវគុណភាពក្នុងន័យលើកកម្ពស់សមត្ថភាពឲ្យកាន់តែល្អប្រសើរឡើង។
ក្រៅពីនេះ សាកលវិទ្យាល័យអន្តរជាតិ ក៍បានអនុវត្តបន្តការប្រឡងប្រណាំងរៀនសូត្រ ដើម្បីជ្រើសរើសនិស្សិតពូកែប្រចាំឆ្នាំ ដើម្បីទទួលបាននៅប័ណ្ណសរសើរជារៀងរាល់ឆ្នាំ។ សាកលវិទ្យាល័យបានផ្តល់នៅបទពិសោធន៍ដល់និស្សិតដែលកំពុងសិក្សាតាមរយៈការធ្វើសិក្ខាសាលា សន្និសីទ ដែលបានអញ្ជើញវាគ្មិនមកពីស្ថាប័នរដ្ឋ និងឯកជន វាគ្មិនអន្តរជាតិ មកធ្វើជាកថាដោយផ្សារភ្ជាប់ទ្រីស្តី និងការអនុវត្តជាក់ស្តែង។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អ៊ុក រ៉ាប៊ុន នាយករដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍មួយដ៍សំខាន់របស់សាកលវិទ្យាល័យអន្តរជាតិ ដែលបានខិតខំ និងកសាងបង្កើតឡើងនូវសមិទ្ធិផលដ៍ច្រើនដែល សាកលវិទ្យាល័យអន្តរជាតិបានទទួលជាង ១០ ឆ្នាំកន្លងមកនេះ ហើយទាំអស់នេះ សបញ្ជក់ឲ្យឃើញថា សាកលវិទ្យាល័យអន្តរជាតិ នៅតែបន្តចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាសកម្មភាពជាក់ស្តែង ក្នុងការជួយធ្វើឲ្យសំរេច និងជោគជ័យ នូវយុទ្ធចតុកោណរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី២ ក្នុងដំណាក់កាលទី២ ហើយនេះជាការឆ្លើយតបទៅនឹងគោលការណ៍នៃការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាកម្មវិធីដ៍សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងចំណោមគោលនយោបាយសំខានៗទាំង៤ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានបន្តថា រាជរដ្ឋាភិបាលជានិច្ចកាលនូវតែគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យអន្តរជាតិ ឲ្យខិតខំបន្តអភិវឌ្ឍបន្ថែមទៀត ហើយនេះកើតឡើងមកពីការខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិតទាំងអស់ដែលបានពុះពាររៀនសូត្រ ដើម្បីក្រេបយកនៅចំណេះដឹង និងចំណេះធ្វើ គឺជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាព និងមានសុខភាពរឹងមាំ គឺជាកត្តាមួយដ៍ចម្បងមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍ និងសំរាប់ធានានូវសមត្ថភាព ប្រកួតប្រជែងទីផ្សារការងារ នៅពេលប្អូនៗប្រឡងបញ្ចប់ការសិក្សានាពេលអនាគត។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៍បានសម្តែងនៅការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្អូនៗនិស្សិត ដែលទើបបានទទួលនៅសញ្ញាបត្រ និងវិញ្ញាប័នបត្រសម្រាប់ឆ្នាំសិក្សាថ្នាក់មូលដ្ឋាននាពេលនេះ ប្អូនៗដឹងហើយថា គ្រឹះដ្ឋានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឯកជននាពេលបច្ចុប្បន្ន បាននឹងកំពុងមានតួនាទីយ៉ាងសំខាន់ និងជាគោលការណ៍ ហើយវាជាដៃគូរមួយរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ មិនតែប៉ុណ្ណេះ និស្សិតគ្រប់ឯកទេសទាំងអស់ រួមទាំងវិស័យសុខាភិបាលផងនោះ ត្រូវបានសាកលវិទ្យាល័យអន្តរជាតិ កំពុងធ្វើការបណ្តុះបណ្តាលនោះ បានកំពុងធ្វើឲ្យធនធានមនុស្សមានការកើនឡើងយ៉ាងឆាប់រហ័ស ទាំងអស់នេះហើយជាមោទនៈភាពយ៉ាងក្រៃលែងរបស់សាកលវិទ្យាល័យអន្តរជាតិ ដែលវិស័យអភិវឌ្ឍធនធានមនុស្សបានដើរទន្ទឹមនឹងកំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់របស់ប្រជាជន និងប្រទេសជាតិផងដែរ។ ជាការពិត សមិទ្ធិផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ជាពិសេស ការចូលរួមឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៍ឈ្លាស់វៃ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយភ្លឺស្វាង ត្រឹមត្រូវ ដោយមានក្រសួងអប់រំយុវជន និងកីឡា ក្រសួងសុខាភិបាល គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា ជាសេនាធិការដ៍សកម្ម និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យអន្តរជាតិ។ សាស្ត្រាចារ្យ អ្នកអប់រំបណ្តុះបណ្តាល ព្រមទាំងការខិតខំរៀនសូត្ររបស់ប្អូននិស្សិតទាំងអស់ផងដែរ។ ដឹងហើយថា ធនធានមនុស្សដែលមានសមត្ថភាពរឹងមាំ ដែលជាកត្តាមូលដ្ឋានចម្បងមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍ និងដើម្បីធានានៅសមត្ថភាពប្រជែងឈ្នះសំរាប់ប្រទេសជាតិនីមួយៗ ជាពិសេស នៅក្នុងសត្សវត្សទី២១ នេះ ដែលយុគសម័យនៃសកលភាវូនីយ៍កម្ម និងរីកចំរើនខាងផ្នែកបច្ចែកទេសព័ត៌មានវិទ្យា និងទូគនាគមន៍។ ប្រទេសកម្ពុជាបាននឹងកំពុងតែអនុវត្តគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីធ្វើសមាហរណប្រទេសទៅក្នុងសហគមន៍តំបន់ និងពិភពលោក ហើយកាលៈទេសៈនេះទាមទារឲ្យមាននូវធនធានមនុស្សដែលមានភាពស្ទាត់ជំនាញគំនិតច្នៃប្រឌិត និងការបញ្ចូលនៅរបៀបរបបការងារបច្ចេកទេស និងរបបគំហើញថ្មីៗនៃវិទ្យាសាស្ត្រដែលជាគន្លឹះដ៍សំខាន់បំផុត នៅក្នុងការធានានៅស្ថេរភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ការអភិវឌ្ឍគោលនយោបាយបើកចំហរ នៃការបណ្តុះបណ្តាលធនធានមនុស្សបានក្លាយទៅជាកំលាំងចលករដែលអូសទាញឲ្យផ្នែកឯកជនចូលរួមចំណែកយ៉ាងសកម្ម និងបានធ្វើឲ្យប្រទេសជាតិបានកំពុងធ្វើឲ្យអ្នកមានចំណេះដឹង ដែលជាកំលាំងមួយធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា បោះជំហានអភិវឌ្ឍបានលឿនដូចបណ្តាប្រទេសអភិវឌ្ឍនានានៅលើសកលលោកផងដែរ។
ដូច្នេះ ក្នុងនាមរាជរដ្ឋាភិបាលសូមអំពាវនាវឲ្យនិស្សិតទាំងអស់ខិតខំរៀនសូត្រទាំងទ្រីស្តី ទាំងការអនុវត្តជាក់ស្តែង ព្រមទាំងការសិក្សាស្រាវជ្រាវបន្ថែមនូវបច្ចេកទេសថី្ម ដែលអាចស្រាវជ្រាវបានពីរាមច្បងដែលមានបទពិសោធន៍ច្រើនជាងយើង ឬតាមប្រព័ន្ធអ៊ីនធឺណេត និងសៀវភៅដែលធ្វើឲ្យប្អូនៗទាំងអស់ អាចធ្វើការស្រាវជ្រាវបានតាមរយៈមជ្ឈមណ្ឌលអ៊ីនធឺណេត និងបណ្ណាល័យរបស់សាកលវិទ្យាល័យអន្តរជាតិ ឬតាមប្រភពផ្សេងទៀត ធ្វើយ៉ាងណាឲ្យប្អូនៗទាំងអស់ អាចប្រែក្លាយឈានទៅជានិស្សិតពូកែ ដែលជាគោលការណ៍មួយដ៍ល្អសំរាប់អនាគតនៅកម្ពុជា ដែលពោពេញទៅដោយអ្នកចេះដឹង មានលក្ខណៈវិទ្យាសាស្ត្រ អាចចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងនៅសង្គមកម្ពុជាមួយជឿនលឿន និងអភិវឌ្ឍជាតិជាសំខាន់ ហើយពិធីប្រគល់សញ្ញាបត្រនៅពេលនេះ គឺវាចំថ្ងៃខួបឆ្នាំ៦១ របស់ឯកឧត្តម អ៊ួន សាបូ អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ដែលបានទទួលមរណៈកាលទៅហើយៗ ជាពិសេសទៅទៀត គឺចំថ្ងៃវិហារកត្តញ្ញូដែលឯកឧត្តម សាបូ អូហ្សាណូ បានឧទ្ទិសចំពោះឪពុកខ្លួនថ្ងៃនេះផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៍បានផ្តាំផ្ញើរដល់ប្អូនៗនិស្សិតទាំងអស់ កុំយកថ្ងៃកត្តញ្ញូនេះប្រព្រឹត្តនូវអំពើទាំងឡាយដែលប្រាស់ចាកពីសីលធ៌មសង្គម ហើយក្មួយៗត្រូវយកថ្ងៃ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ជាថ្ងៃដឹងគុណដល់មាតាបិតា និងបងប្អូន ហើយប្រព្រឹត្តតែអំពើល្អ ដែលមានសីលធ៌ម និងវិន័យថ្លៃថ្នូរស័ក្តិសមជាពលរដ្ឋដ៍ល្អនៃសង្គមកម្ពុជាទៅថ្ងៃអនាគត៕