សាកលវិទ្យាល័យ អន្តរជាតិ ចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន MediTech Corp., Otemachi
(សអ.ភ្នំពេញ) នៅថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធីបតីភាពឯកឧត្តមសាស្រ្តាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ និងឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលអញ្ជើញពីប្រទេសជប៉ុន គឺលោក Kazuhiro Hiyama ជាប្រធាននៃក្រុមហ៊ុន MediTech Corp., Otemachi នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន និងលោក Kazuhito Muto ជាប្រធានចាត់ការទូទៅ នៃក្រុមហ៊ុន Sun International Clinic ដែលបានអញ្ជើញមកពិភាក្សាកិច្ចសហប្រតិបត្តិការ និងចុះកិច្ចព្រមព្រៀង រវាងភាគីទាំងពីរលើគម្រោងកម្មវិធីដូចជា៖
១- កម្មវិធីវះកាត់ទូទៅ
២- កម្មវិធីសិក្ខាសាលា
គោលបំណងនៃកិច្ចសហប្រតិបត្តិការ ចំពោះកម្មវិធីទាំងពីរខាងលើ របស់ភាគីទាំងពីររួមមាន៖
– ការពង្រីកចំណេះដឹង និងបច្ចេកទេសនៃការវះកាត់ និងពង្រឹងសមត្ថភាពធនធានវេជ្ជបណ្ឌិត
– ការផ្គត់ផ្គង់នូវសម្ភារៈបរិក្ខារពេទ្យ
– ការរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលវគ្គវះកាត់ទូទៅនៅសាកលវិទ្យាល័យ អន្តរជាតិ។
ជាមួយគ្នានេះដែរ កាលពីព្រឹកថ្ងៃដដែលនោះ លោក Kazuhiro Hiyama បានអញ្ជើញធ្វើ Lecture លើប្រធានបទ “Introduction of Our Cancer Surgery” ក្រោមការដឹកនាំរបស់ សាស្រ្តាចារ្យរង ឯម សំណីយ៍ ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ អន្តរជាតិ ។