សិក្ខាសាលាស្តីពីបណ្តាញផ្សព្វផ្សាយព័ត៌មានជីវសុវត្តិភាព
ថ្លែងក្នុងពីធីបើកសិក្ខាសាលា ស្តីពីបណ្តាញផ្សព្វផ្សាយព័ត៌មានជីវសុវត្តិភាព ក្នុងក្របខណ្ឌការអនុវត្តពិធីសារកាតាហ្សេណា នៅសាកលវិទ្យាល័យ អន្តរជាតិ នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឯកឧត្តម សាបូ អូហ៊្សាណូ រដ្ឋលេខាធិកាក្រសួងបរិស្ថាន បានបញ្ជាក់ថា ដើម្បីត្រៀមខ្លួនឆ្លើយតបតម្រូវការ និងបំពេញនូវរាល់កង្វះខាតលើផ្នែកធនធានមនុស្សក្នុងវិស័យបរិស្ថាន សិស្សនិស្សិតទាំងអស់គប្បីយកចិត្តទុកដាក់ និងសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅលើផ្នែកវិទ្យសាស្ត្រមួយនេះស្របពេលដែលក្រសួងបរិស្ថានបាននឹងកំពុងយកចិត្តទុកដាក់បណ្តុះបណ្តាល តាមគ្រឹះស្ថានអប់រំ នានា ក្នុងគោលបំណង បញ្ជ្រៀបនូវចំណេះដឹងបន្ថែមដល់និស្សិតគ្រប់រូប។
ឯកឧត្តមបានបញ្ជាក់ទៀតថា សិក្ខាសាលាដែលត្រូវបានរៀបចំនៅក្នុងពេលនេះ ក៏ជាចំណែកមួយដ៏មានសារៈសំខាន់ផងដែរ សម្រាប់សិក្ខាកាមដែលជានិស្សិតថ្នាក់ឧត្តមសិក្សា បានស្រូបយកនូវចំណេះដឹង និងបានយល់ថាតើអ្វីទៅជាជីវសុវត្ថិភាព? អ្វីទៅការវាយតម្លៃ ការគ្រប់គ្រង និងការឃ្លាំមើលហានិភ័យនៃសារពាង្គកាយច្នៃរស់លើផ្នែកបរិស្ថាន។ នាឱកាសនោះ ឯកឧត្តមបានបន្តជម្រុញដល់និស្សិតត្រូវខិតខំប្រឹងប្រែងកត់ត្រានូវរាល់ការពន្យល់របស់ វាគ្មីន ដែលបានធ្វើបទបង្ហាញ លើចំណុចបទសំខាន់ៗ ទាក់ទិនទៅនឹងព័ត៌មានស្តីពីជីវសុវត្តិភាពនេះ។
សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពីបណ្តាញផ្សព្វផ្សាយព័ត៌មានជីវសុវត្តិភាព ក្នុងក្របខណ្ឌការអនុវត្តពិធីសារកាតាហ្សេណានេះ ត្រូវបានរៀបចំឡើងរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា ក្នងគោលបំណង ដើម្បីផ្សព្វផ្សាយ នឹងដាក់អោយប្រើប្រាស់នូវ ប្រព័ន្ធគ្រប់គ្រងព័ត៌មានជាតិ ផ្សព្វផ្សាយការអនុវត្តច្បាប់ជីវសុវត្តិភាព បទដ្ឋានគតិយុត្តិ ពិធីសារកាតាហ្សេណា និងលើកកម្ពស់ការចូលរួម និងអប់រំជាសាធារណៈក្នុងក្របខណ្ឌជីវសុវត្តិភាព និងជីវបច្ចេកវិទ្យាទំនើប៕