ពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) រវាងមន្ទីរពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ និងមន្ទីរពេទ្យ Ratchadapisek នៃប្រទេសថៃ
ភ្នំពេញ ព្រឹកថ្ងៃ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ អន្តរជាតិ មានពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) រវាងមន្ទីរពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ និងមន្ទីរពេទ្យ Ratchadapisek Co.,LTD នៃប្រទេសថៃ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ និងជាប្រធានក្រុមព្រឹក្សាភិបាល នៃមន្ទីរពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ និងអ្នកស្រី Kan Phallyna ប្រធានមន្ទីរពេទ្យ Ratchadapisek Co.,LTD លោកវេជ្ជបណ្ឌិត Pisal អ្នកឯកទេសផ្នែកជំងឺបេះដូង និងលោក Shard Jhingan ប្រធានផ្នែកទំនាក់ទំនងពាណិជ្ជកម្ម នៃក្រុមហ៊ុន Philips Healthcare នៃប្រទេសសិង្ហបុរី ព្រមទាំងថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃភាគីទាំងសង្ខាង ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យ អន្តរជាតិ ចូលរួមជាសខីភាពយ៉ាងច្រើនកុះករ។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលអញ្ជើញមកពីប្រទេសថៃដែលមានអ្នកស្រី Kan Phallyna ជាប្រធាន ដែលបានជ្រើសយកមន្ទីរពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ ធ្វើជាដៃគូសហការ និងធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ ដែលបានខិតខំប្រឹងប្រែងសហការការងាររហូតទទួលបានផ្លែផ្កានាពេលនេះ។
ខ្លឹមសារនៃការចុះអនុស្សារណៈយោគយល់គ្នា (MoU) នាពេលនេះ គឺផ្តោតសំខាន់លើចំនុចដូចជា
- ការបង្កើតនូវដេប៉ាដឺម៉ង់ផ្នែកបេះដូង និងសរសៃឈាម
- លើកស្ទួយវិស័យសុខាភិបាលនៅប្រទេសកម្ពុជា
- ដើម្បីពង្រឹងគុណភាពអប់រំផ្នែកសុខាភិបាលនៅសាកលវិទ្យាល័យ អន្តរជាតិ
- ផ្តាស់ប្តូរចំណេះដឹង បទពិសោធន៍រវាងគ្រូពេទ្យរបស់មន្ទីរពេទ្យទាំងពីរ
- បញ្ជូនគ្រូពេទ្យជំនាញ និងចំណេះដឹងថ្មីដល់មន្ទីរពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តាំផ្ញើដល់និសិ្សតដែលកំពុងសិក្សាក្នុងវិស័យសុខាភិបាលទាំងអស់ អោយខិតខំសិក្សាបន្ថែម ព្រោះបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលវិវត្តន៍ទៅមុខជានិច្ច ហើយមន្ទីរពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ ក៏ជាកន្លែងអោយប្អូនៗនិស្សិតបានពង្រឹងបន្ថែមទៀតនៅក្នុងការអនុវត្តន៍ជាក់ស្តែង៕