គ្រូពេទ្យជប៉ុន ៩ រូបទទួលវិញ្ញាបនបត្រសាស្រ្តចារ្យកិត្តិយស ពីសាកលវិទ្យាល័យ អន្តរជាតិ
គ្រូពេទ្យឯកទេសជប៉ុន ៩ រូបបានទទួលវិញ្ញាបនបត្រសាស្រ្តចារ្យកិត្តិយសពីសាកលវិទ្យាល័យ អន្តរជាតិ ក្រោយពេលបំពេញបេសកកម្មសប្បុរសធម៌លើការងារប្រព័ន្ធឯកទេស លាងឈាមជិតមួយឆ្នាំ នៅមជ្ឈមណ្ឌលលាងឈាមមិត្តភាពកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យ អន្តរជាតិ។
ពិធីប្រគល់វិញ្ញាបនបត្រកិត្តិយសនេះ ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាផងដែរ រវាងសាកលវិទ្យាល័យ អន្តរជាតិ និងអង្គការក្រុមប្រឹក្សាជំនួយជប៉ុនសម្រាប់ការបង្កើតប្រព័ន្ធឯកទេសលាងឈាមនៅកម្ពុជា។
ពិធីនេះត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ អន្តរជាតិ កាលពីរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯ.ឧ បណ្ឌិតសភាចារ្យ សំ សុភ័ណ ប្រធាន ក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ អន្តរជាតិ លោកជំទាវ អ៊ុក រ៉ាវីន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អន្តរជាតិ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត HARUKI WAKAI ប្រធានក្រុមអង្គការក្រុមប្រឹក្សាជំនួយជប៉ុន សម្រាប់ការបង្កើតប្រព័ន្ធឯកទេសលាងឈាមនៅកម្ពុជា និងសាស្រ្តាចារ្យវេជ្ជបណ្ឌិតជប៉ុន-កម្ពុជា ព្រមទាំងនិស្សិតជាច្រើនរូបទៀត។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត HARUKI WAKAI ប្រធានក្រុមនៃអង្គការក្រុមប្រឹក្សាជំនួយជប៉ុន សម្រាប់ការបង្កើតប្រព័ន្ធឯកទេសលាងឈាមនៅកម្ពុជា បានមានប្រសាសន៍ថា នេះជា បេសកកម្មដ៏មានតម្លៃមួយដែលក្រុមរបស់លោកបានបំពេញយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលជិតមួយឆ្នាំនៅសាកលវិទ្យាល័យ អន្តរជាតិ ជាពិសេសមន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិ សែន សុខ។ ការងារលាងឈាមនេះមានឧត្តមប្រយោជន៍ខ្លាំងណាស់ ព្រោះបានជួយជីវិតមនុស្ស និងជាពិសេសបានផ្ដល់ការបណ្ដុះបណ្ដាល ដល់ក្រុមគ្រូពេទ្យ និងនិស្សិតនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនលើវិស័យនេះ។
ជាការឆ្លើយតប និងពង្រឹងចំណងមិត្តភាព លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត HARUKI WAKAIបានមានប្រសាសន៍ថា លោកនឹងផ្ដល់អាហារូបករណ៍ដល់និស្សិតឆ្នើម នៃសាកលវិទ្យាល័យ អន្តរជាតិ ទៅបំប៉នវគ្គសិក្សា លើឯកទេសលាងឈាមនៅប្រទេសជប៉ុន ដែលមានរយៈពេលចាប់ពី ២ សប្ដាហ៍រហូតដល់ ១ ខែ ដោយរូបលោកជាអ្នកចេញថ្លៃសំបុត្រយន្ដហោះទៅមក ការស្នាក់អាស្រ័យ និងការហូបចុក។
ឯ.ឧ បណ្ឌិតសភាចារ្យ សំ សុភ័ណ ប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ អន្តរជាតិ បានបញ្ជាក់ថា ការផ្ដល់ជូនងារជាសាស្រ្តាចារ្យកិត្តិយសនេះ គឺក្រុមការងារឯកទេសលាងឈាមជប៉ុន បានបំពេញសកម្មភាពដ៏សំខាន់ ពោរពេញទៅដោយខ្លឹមសារ នៅក្នុងស្ថាបនសិក្សាធិការ ឬសម្រាប់បញ្ញវន្ដទាំងឡាយណា ដែលបានបំពេញនូវភារកិច្ចវិជ្ជាជីវៈរបស់ខ្លួន ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់។ ជាពិសេសបញ្ញវន្ដដែលបានបំពេញ នូវភារកិច្ចបន្ថែមនៅក្នុងសាកលវិទ្យាល័យផ្សេងទៀត ក្រៅពីស្ថាប័នដែលខ្លួនបម្រើការ តាមការអញ្ជើញរបស់សាកលវិទ្យាល័យនោះ ឬក៏តាមការស្ម័គ្រចិត្តរបស់ខ្លួន។
លោកសាស្រ្តាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការលើឯកទេសលាងឈាមជាមួយជប៉ុននេះ គឺបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយឆ្នាំម្ដង ហើយបានចាប់ដំណើរការតាំងពីឆ្នាំ ២០១០ មកម៉្លេះ។ ការលាងឈាមរបស់ក្រុមគ្រូពេទ្យជប៉ុននេះ គឺបានបម្រើដល់អ្នកជំងឺឥតគិតថ្លៃ និងជួយបណ្ដុះបណ្ដាលដល់គ្រូពេទ្យ និស្សិតពេទ្យកម្ពុជា លើឯកទេសលាងឈាម ឱ្យមានការចេះដឹងកាន់តែច្រើនឡើងៗ ព្រោះនៅកម្ពុជាមានមជ្ឈមណ្ឌល លាងឈាមតិចនៅឡើយ គឺយ៉ាងច្រើនមានតែ ៥ កន្លែងប៉ុណ្ណោះ ប៉ុន្តែនៅជប៉ុនវិញ មានជាង ៤ ពាន់មជ្ឈមណ្ឌលឯណោះ។
លោកសាស្រ្តាចារ្យ នេត បារ៉ុម បានមានប្រសាសន៍ទៀតថា ការលាងឈាមមានសារសំខាន់ណាស់ ព្រោះវាបានព្យាបាលអ្នកជំងឺឱ្យធូរស្រាល និងជាសះស្បើយពីជំងឺផ្សេងៗ។ ការលាងឈាមនេះទៀតសោត រាល់ដំណើរការម្ដងៗ មិនមានគ្រោះថ្នាក់អ្វីនោះទេ ហើយអ្វីដែលជាទំនុកចិត្តនោះ គឺនៅមន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិ សែន សុខ មានមជ្ឈមណ្ឌលលាង ឈាមមិត្តភាពកម្ពុជា-ជប៉ុន បំពាក់ដោយឧបករណ៍ សម្ភារទំនើបៗ សម្រាប់បម្រើសេវាព្យាបាលដល់អ្នកជំងឺ៕