ឯកឧត្តម N G Sitlhou លេខាទីមួយនៃស្ថានទូតឥណ្ឌាធ្វើទស្សនកិច្ចសាកលវិទ្យាល័យអន្តរជាតិ (IU)
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម N G Sitlhou លេខាទីមួយនៃស្ថានទូតឥណ្ឌាប្រចាំ ទីក្រុងភ្នំពេញ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យអន្តរជាតិ (IU) ដើម្បីពិនិត្យមើល៍លើគម្រោងបង្កើតប្រព័ន្ធ Tele-Medicine នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ និង Tele-Education នៅសាកលវិទ្យាល័យអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកជំទាវ អ៊ុក រ៉ាវីន សាកលវិទ្យាធិការរង ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង និងលោក វួច ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យអន្តរជាតិ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែន សុខ រាជធានីភ្នំពេញ។
ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំផ្នែកសុខាភិបាល និងប្រព័ន្ធអប់រំជំនាញទូទៅ នៅប្រទេសកម្ពុជាសាកលវិទ្យាល័យអន្តរជាតិ បាននឹងកំពុងប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធTele-Medicine នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ និងTele-Education នៅសាកលវិទ្យាល័យអន្តរជាតិ ដោយសហការជាមួយរដ្ឋាភិបាលប្រទេសឥណ្ឌា ក្នុងន័យពង្រឹងគុណភាពអប់រំទាំងផ្នែកសុខាភិបាលនិងជំនាញក្រៅពីវិស័យសុខាភិបាល ដើម្បីផ្តល់ទាំងចំណេះដឹង និងចំណេះធ្វើដល់ប្អូនៗ និស្សិតដែលសសរទ្រូងដ៏រឹងមាំរបស់ជាតិនាពេលអនាគត។
តើប្រព័ន្ធTele-Medicine គឺជាអ្វី? ប្រព័ន្ធTele-Medicine គឺជាការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ចុងក្រោយ ដែលមានសក្តានុពលខ្ពស់ក្នុងការផ្តោះប្តូរព័ត៌មានសុខភាព និងការផ្តល់នូវសេវាកម្មថែរក្សាសុខភាពតាមរយៈGeographic។
តើប្រព័ន្ធTele-Education គឺជាអ្វី? ប្រព័ន្ធTele-Education ក៏ជាអប់រំបែបទាន់សម័យនឹងមានប្រសិទ្ធិភាពខ្ពស់ក្នុងការផ្តល់ចំណេះដឹងលើជំនាញទូទៅ តាមរយៈ Video Conference ពីសកលវិទ្យាល័យល្បីដែលដៃគូនៅឯនាយសមុទ្រ។