ក្រុមសិល្បៈឥណ្ឌាធ្វើការសម្ដែងដើម្បីអបអរខួបទី ១០ អាស៊ាន-ឥណ្ឌា
ភ្នំពេញ៖ នៅក្នុងឱកាសដ៍មហោឡារិកកាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ បានឡើងធ្វើបដិកថាកិច្ចឡើងថ្លែងកោតសរសើរ ចំពោះកិច្ចសហការពីសំណាក់ឯកឧត្តមលេខាទូតទី១ និងមន្ត្រីស្ថានទូតនៃប្រទេសឥណ្ឌា ដែលបានរៀបចំការប្រគុំតន្ត្រីនេះឡើងនៅសាកលវិទ្យាល័យអន្តរជាតិ។
ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការសាបូ អូហ្សាណូ បានមានប្រសាសន៍ថា ការប្រគុំតន្ត្រីនៅថ្ងៃនេះ គឺដើម្បីបង្កនូវបរិយាកាសមួយដល់ប្អូនៗនិស្សិតដែលកំពុងតែនៅក្នុងការសិក្សាក្នុងរយៈពេលជិតមួយឆមាសនៅក្នុងឆ្នាំសិក្សាថ្មីនេះ ហើយនៅក្នុងឆ្នាំថ្មីនេះប្អូនៗនិស្សិតនឹងទទួលបាននូវការសប្បាយ និងកំដរអារម្មណ៍ក្នុងបរិយាកាសពីក្រុមតន្ត្រីដែលមកពីប្រទេសឥណ្ឌាសម្តែងជូនទស្សនា ហើយការប្រគុំតន្ត្រីនេះក៍ជាការរិតនូវចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា ពោលគឺដើម្បីអបអរសាទនូវទំនាក់ទំនងខួបឆ្នាំទី១០នៃអាស៊ាននិងឥណ្ឌា។
ឯកឧត្តមបណ្ឌិតបានបន្តថា ឆ្លៀតក្នុងឪកាសនេះជំនួសមុខឲ្យសាកលវិទ្យាល័យអន្តរជាតិ ក៍សូមថ្លែងអំណរគុណទៅដល់ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌា ដែលបានគាំទ្រ និងជួយឲ្យមាននូវកម្មវិធីនេះឡើង សម្រាប់សាកលវិទ្យាល័យអន្តរជាតិ។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ក៏បានថ្លែងរម្លឹកថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២ កន្លងមកនេះ នៅពេលឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌាអញ្ជើញចូលរួមក្នុងពិធីខួប១០ឆ្នាំ នៃសាកលវិទ្យាល័យអន្តរជាតិ នៅពេលនោះ ខ្ញុំក៍បានស្នើទៅឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌាថា នៅពេលណាមួយដែលមានក្រុមសិល្បករឥណ្ឌាមកទស្សនកិច្ចនៅកម្ពុជា សុំឲ្យឯកឧត្តមជួយឲ្យមានការរៀបចំនូវកម្មវិធីមួយនៅសាកលវិទ្យាល័យអន្តរជាតិ។ ជាថ្មីម្តងទៀត តាមរយៈលេខាទូតទី១ ក៍សូមថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូតលេខាទី១ប្រចាំនៅកម្ពុជា ដែលបានគាំទ្រ និងជួយបន្តថែមទៀត មិនត្រឹមតែកម្មវិធីនេះទេ គឺមានកម្មវិធីជាច្រើនទៀតដែលស្ថានទូតឥណ្ឌាបានជួយឧបត្ថម្ភ ហើយនេះជាព្រឹត្តិការណ៍លើកទី១មួយ ដែលក្រុមសិល្បៈឥណ្ឌាបានមកសម្តែងជូនប្អូនៗនិស្សិតទស្សនានៅក្នុងឆ្នាំថ្មីនេះ ពេលនេះ ដើម្បីពង្រឹងទំនាក់ទំនង និងសាមគ្គីភាពតវាងកម្ពុជាជា និងឥណ្ឌា ក៍ដូចជាសាកលវិទ្យាល័យទាំងពីរទៅថ្ងៃអនាគត។
ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសាបូ អូហ្សាណូ ជំនួសមុខឲ្យគណៈគ្រប់គ្រងសាកលវិទ្យាល័យអន្តរជាតិ ក៍សូមថ្លែងអំណរគុណចំពោះឯកឧត្តមលេខាទូតទី១ ព្រមទាំងលោកជំទាវ ឯកឧត្តម និងប្អូនៗនិស្សិតទាំងអស់ ជាពិសេសគឺក្រុមសិល្បករ សិល្បការិនី ដែលបានអញ្ជើញមកពីប្រទេសឥណ្ឌា ដែលបានចំណាយពេល និងកម្លាំងកាយកម្លាំងចិត្ត ដើម្បីមកសម្តែងជូនប្អូនៗនិស្សិតទស្សនានៅពេលនេះ សូមទទួលបានជោគជ័យ និងសុខភាពល្អ សម្រេចបានគ្រប់ភារៈកិច្ចទាំងអស់ផងដែរ៕