ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅសាកលវិទ្យាល័យ អន្តរជាតិ
ភ្នំពេញ ព្រឹកថ្ងៃ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍តំណាងសិស្ស និងនិស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ រួមទាំងឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រចារ្យ មាតាបិតានិសិ្សត និងបុគ្គលិកយ៉ាងច្រើនកុះករ ។
នៅក្នុងពិធីដ៏មហោឡារិកនេះ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការក៏បានធ្វើការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍តំណាងសិស្ស និងនិស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដែលមាននិសិ្សតសរុបចំនួន ៤៣១នាក់ ស្រី ១៩១នាក់ និងបុរសចំនួន២៤០នាក់ ព្រមទាំងបានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីសកម្មភាព និងលទ្ធផល នៃការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ អន្តរជាតិ យ៉ាងដូចច្នេះថា សាកលវិទ្យាល័យ អន្តរជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយដែលបានបង្កើតឡើងនៅឆ្នាំ២០០២ បច្ចុប្បន្នសាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ សរុបចំនួនប្រមាណជាង ៤០០ នាក់ នារីជាង ១០០ នាក់ និងនិស្សិតកំពុងសិក្សាចំនួនជាង ៤០០០ នាក់ នារីជាង ២,០០០ នាក់។ និស្សិតថ្នាក់វេជ្ជបណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលបានបញ្ចប់ការសិក្សាទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ អន្តរជាតិ មានចំនួន ១៥លើក សរុប ៤,០១៨នាក់។ ១៥ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យ អន្តរជាតិ បានពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ និងកំពុងរៀបចំពង្រីកបន្ថែមទៀត ជាពិសេសអគារសិក្សា មន្ទីរពេទ្យបណ្តុះបណ្តាល មន្ទីរពិសោធន៍ រោងចក្រផលិតឱសថ អន្តេវាសិកដ្ឋាន បណ្ណាល័យ អ៊ិនធើណែត ដោយបានបំពាក់សំភារៈឧបទេសសិក្សាទំនើបៗសម្រាប់អ្នកសិក្សាទូទៅ។ កម្មវិធីសិក្សាស្របតាមស្តង់ដាគុណភាពអប់រំដែលទទួលស្គាល់ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គទក) នៃក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ស្ថិតលើមូលដ្ឋាននេះ សាកលវិទ្យាល័យ អន្តរជាតិ បានអនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹងគុណភាព ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិតក្នុងគោលបំណងអនុវត្ត ឱ្យបានល្អប្រសើរ ស្របតាមកំរិតបទដ្ឋាន នៃការបណ្តុះបណ្តាល និងទីផ្សារការងារនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យក៏បានបង្កើតនូវមជ្ឈមណ្ឌលសារព័ត៌មាន ដែលក្នុងនោះមាន វិទ្យុ និងទូរទស្សន៍ ដើម្បីបម្រើដល់សេវាផ្សព្វផ្សាយរបស់ខ្លួន ដ៏ដូចជាការបម្រើដល់ការអប់រំសុខភាពសហគមន៍ ។ ថ្មីៗនេះ មន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិ ក៏បានចូលរួមសហការជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការជួយសង្គ្រោះដល់អ្នកជម្ងឺដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ មន្ត្រីរាជការជាប់កិច្ចសន្យា និងអតីតមន្ត្រីរាជការ កម្មករ-កម្មការិនី បុគ្គលិកក្រុមហ៊ុនឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានសិក្សាទាំងអស់ មកទទួលសេវាថែទាំសុខភាព និងព្យាបាល នៅមន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិ សែនសុខ ដោយឥតគិតថ្លៃ។
ស្ថិតនៅឱកាសដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍តំណាងសិស្ស និងនិស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម សាកលវិទ្យាធិការ ក៏ដូចជាសម្មភាពរបស់ថ្នាក់ដឹកនាំទាំងមូលនៃសាកលវិទ្យាល័យ អន្តរជាតិ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព និងគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន នេះជាជោគជ័យមួយដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍប្រទេសជាតិទាំងមូល ជាមួយគ្នានេះដែរឯកឧត្តម ក៏បានអបអរសាទរដល់និសិ្សត ដែលបានខិតខំប្រឹងប្រែងសិក្សារហូតដល់បានបញ្ចប់ការសិក្សា ប្រកបដោយជោគជ័យក្នុងរយៈពេលកន្លងមកនេះ។
ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតទាំង៤៣១នាក់ និងផ្តល់ កិត្តិយសថតរូបជាមួយអ្នកដឹកនាំ រួមទាំងនិស្សិតទុកជាអនុស្សាវរីយក្នុងបរិយាកាសស្និទិស្នាល និងរីករាយក្រៃលែង៕