កម្មវិធីទិវានិស្សិត ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ
ភ្នំពេញ នៅបរិវេនមុខសាកលវិទ្យាល័យ អន្តរជាតិ មានប្រារព្ធកម្មវិធីទិវានិស្សិតលើកទី៥ ឆ្នាំ២០១៨ នាព្រឹកថ្ងៃ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ រួមជាមួយទាំងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ អន្តរជាតិ បុគ្គលិក និស្សិត ជាច្រើនកុះករ ព្រមទាំងបុគ្គលិកក្រុមហ៊ុនមួយចំនួនដែលបានដាក់តាំងផលិតផលរបស់ខ្លួនផងដែរ។
តាងនាមអោយគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ អន្តរជាតិ ឯកឧត្តមបណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង ក៏បានធ្វើការថ្លែងអំណរគុណដល់វត្តមានរបស់សាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតដែលបានចូលរួមកម្មវិធីនេះ។ ឯកឧត្តមបណ្ឌិត ក៏បានបន្តទៀតថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីពង្រឹងទំនាក់ទំនងរវាងនិស្សិត និងនិសិ្សត និស្សិតនិងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកនៃមហាគ្រួសារសាកលវិទ្យាល័យ អន្តរជាតិ ទាំងមូល និងដើម្បីអបអរស្វាគមន៍ដល់សង្រ្កានឆ្នាំថ្មី ឆ្នាំច សំរិទ្ធឹស័ក ព.ស២៥៦២ ដែលនឹងឈានចូលនាថ្ងៃទី១៤ ខែមេសាខាងមុខឆាប់ៗនេះ។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ទៀតដែរថា កម្មវិធីនេះក៏បានរួមបញ្ចូលនៅកម្មវិធីរំលឹកគុណគ្រូដែលជាការតំណាងអោយការដឹង គុណលោកគ្រូ អ្នកគ្រូ សាស្រ្តចារ្យ ដែលបានខិតខំបណ្តុះបណ្តាលដល់ និសិ្សតដោយមិនគិតពីការនឿយហត់ ការពេលវេលា។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ក៏បានអោយតម្លៃខ្ពស់លើគណៈកម្មការរៀបចំកម្មវិធីដែលមាន លោកព្រឹទ្ធបុរស នៃមហាវិទ្យាល័យពាណិជ្ជសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជ័យ សំណាង ជាប្រធាន ដែលខិតខំដឹកនាំដំណើរការកម្មវិធីទាំងមូលអោយដំណើរការដោយរលូតអមដោយភាពសប្បាយរីករាយ។
ដោយឡែកនៅតាមស្តង់នីមួយៗ មានការដាក់តាំងផលិតផលដែលជាស្នាដៃនិស្សិត និងក្រុមហ៊ុនមួយចំនួន ដែលមាន ស្តង់ប្រមាណ ២០ស្តង់ រចនាតាមបែបស្រុកស្រែ មើលទៅគួរជាទីទាក់ទាញ និងប្លែកភ្នែក ដែលមានផលិតផលចំរុះរួមមាន ផលិតផលកសិកម្ម អេឡិចត្រូនិច សុខាភិបាល ផលិតផលថែរក្សាសុខភាព និងមុខម្ហូបសំបូរបែបជាច្រើនថែមទៀតផង។ នៅក្នុងកម្មវិធីនេះដែរ ក៏មានការសម្តែងរបាំប្រពៃណីមានដូចជា របាំទ្រុត របាំគោះត្រឡោក របាំគោះអង្រែ ការសម្តែងក្បាច់គុណល្បុក្កតោ និងការលេងល្បែងប្រជាប្រិយដូចជា ទាញព្រ័ត្រ វាយក្អម បោះអង្គុញ លាក់កន្សែងជាដើម ព្រមទាំងមានវិត្តមានតារាចម្រៀងល្បីល្បាញគឺលោក ខាន់ ជែមស៍ ក៏បានអញ្ជើញចូលរួមដែលធ្វើអោយកម្មវិធីទាំងមូលកាន់តែធ្វើមានភាពសប្បាយរីករាយជាមួយនឹងការរាំលេងកំសាន្តតាមចង្វាក់បែបប្រជាប្រិយខ្មែរទៀតផង។ ជាមួយគ្នានេះដែរ ក៏មានការស្វែងរកប្រជាប្រិយភាពពីសំណាក់ ស្តង់នៃក្រុមនិសិ្សត តារាចម្រៀងនិស្សិត និងក្រុមរាំផងដែរ។ ឆ្នាំនេះនិសិ្សតតាន់តែសប្បាយដោយមានវត្តមានតារាចម្រៀងលោក ខាន់ ជែមស៍ ចូលរួម។
កម្មវិធីបានបញ្ចប់នៅម៉ោង៧ល្ងាច ដោយបន្សល់ទុកនៅភាពសប្បាយរីករាយ នឹងស្នាមញញឹមមិនអាចបំភ្លេចបាន៕