ពិធីប្រគល់សញ្ញាបត្រថ្នាក់វេជ្ជបណ្ឌិតដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិ ជំនាន់ទី០៧
ភ្នំពេញ ព្រឹកថ្ងៃ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រថ្នាក់វេជ្ជបណ្ឌិត ជំនាន់ទី៧ ដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ិត សំហេង រដ្ធមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រចារ្យ មាតាបិតានិសិ្សត និងបុគ្គលិកយ៉ាងច្រើនកុះករ ។
នៅក្នុងពិធីដ៏មហោឡារិកនេះ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការក៏បានធ្វើការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ិត សំហេង រដ្ធមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតថ្នាក់វេជ្ជបណ្ឌិត ជំនាន់ទី៧នេះ ដែលមាននិសិ្សតជ័យលាភីសរុបចំនួន ៤៧៤នាក់ ស្រី ១៦៤នាក់។ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ បានលើកឡើងដូចច្នេះថា សាកលវិទ្យាល័យ អន្តរជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយដែលបានបង្កើតឡើងនៅឆ្នាំ២០០២ បច្ចុប្បន្នសាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ សរុបចំនួនប្រមាណជាង ៤០០នាក់ នារីជាង ១០០នាក់ និងនិស្សិតកំពុងសិក្សាចំនួនជាង ៤០០០នាក់ នារីជាង ២០០០នាក់។ ឯកឧត្តមបញ្ជាក់ថា និស្សិតថ្នាក់វេជ្ជបណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលបានបញ្ចប់ការសិក្សាទទួលសញ្ញាបត្រពីសាកលវិទ្យាល័យអន្តរជាតិ មានចំនួន ១២លើក សរុប ៣៤៤៩នាក់។ អស់រយៈពេល១៥ឆ្នាំកន្លងមក សាកលវិទ្យាល័យ អន្តរជាតិ បានពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ និងបានរៀបចំពង្រីកបន្ថែមទៀត នូវអគារសិក្សា មន្ទីរពេទ្យបណ្តុះបណ្តាល មន្ទីរពិសោធន៍ រោងចក្រផលិតឱសថ អន្តេវាសិកដ្ឋាន បណ្ណាល័យ អ៊ិនធើណែត ដោយបានបំពាក់សំភារៈឧបទេសសិក្សាទំនើបៗសម្រាប់អ្នកសិក្សាទូទៅ។ សម្រាប់កម្មវិធីសិក្សាស្របតាមស្តង់ដាគុណភាពអប់រំដែលទទួលស្គាល់ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គទក) នៃក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ស្ថិតលើមូលដ្ឋាននេះ សាកលវិទ្យាល័យ អន្តរជាតិ បានអនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹងគុណភាព ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិតក្នុងគោលបំណងអនុវត្ត ឱ្យបានល្អប្រសើរ ស្របតាមកំរិតបទដ្ឋាន នៃការបណ្តុះបណ្តាល និងទីផ្សារការងារនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យក៏បានបង្កើតនូវមជ្ឈមណ្ឌលសារព័ត៌មាន ដែលក្នុងនោះមាន វិទ្យុ និងទូរទស្សន៍ ដើម្បីបម្រើដល់សេវាផ្សព្វផ្សាយរបស់ខ្លួន ដ៏ដូចជាការបម្រើដល់ការអប់រំសុខភាពសហគមន៍ ។ ថ្មីៗនេះ មន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិ ក៏បានចូលរួមសហការជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការជួយសង្គ្រោះដល់អ្នកជម្ងឺដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ មន្ត្រីរាជការជាប់កិច្ចសន្យា និងអតីតមន្ត្រីរាជការ កម្មករ-កម្មការិនី បុគ្គលិកក្រុមហ៊ុនឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានសិក្សាទាំងអស់ មកទទួលសេវាថែទាំសុខភាព និងព្យាបាល នៅមន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិ សែនសុខ ដោយឥតគិតថ្លៃ។
ដោយឡែកឯកឧត្តម អ៊ិត សំហេង រដ្ធមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម សាកលវិទ្យាធិការ ក៏ដូចជាថ្នាក់ដឹកនាំទាំងមូលនៃសាកលវិទ្យាល័យ អន្តរជាតិ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព និងគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន ដែលនេះជាជោគជ័យមួយដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍប្រទេសជាតិទាំងមូល ជាមួយគ្នានេះដែរឯកឧត្តម ក៏បានអបអរសាទរដល់និសិ្សតជ័យលាភី ដែលបានខិតខំប្រឹងប្រែងសិក្សារហូតដល់បានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតដោយជោគជ័យក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ៕