ពិធីចុះអនុស្សារណៈលើការកិច្ចសហប្រតិបត្តិការ និងការឧបត្តម្ភសម្ភារសិក្សា
ភ្នំពេញ ព្រឹកថ្ងៃ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ មានកម្មវិធីជំនួបរវាងសាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ Myongji ប្រទេសកូរ៉េ ដោយមានវត្តមាន ឯកឧត្តមបណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ និងលោកបណ្ឌិត Lee Jaebum សាស្រ្តាចារ្យ ផ្នែកនាយកដ្ឋានឧស្សាហកម្មវិទ្យាសាស្រ្តសុខាភិបាល នៃសាកលវិទ្យាល័យ Myongji ប្រទេសកូរ៉េ រួមទាំងថ្នាក់ដឹកនៃសាកលវិទ្យាល័យទាំងពីរមួយចំនួនទៀត។
នៅក្នុងជំនួបនោះដែរឯកឧត្តមបណ្ឌិត នេត បារ៉ុម ក៏បានរៀបរាប់ជុំវិញការរីកចម្រើននៃសាកលវិទ្យាល័យ អន្តរជាតិ និងភាពជាដៃគូរទាំងនៅក្នុងតំបន់ និងទូទាំងពិភពលោក។ ដោយមើលឃើញពីភាពរីកចម្រើន ទើបសាកលវិទ្យាល័យទាំងពីរសម្រេចធ្វើការចុះអនុស្សារណៈបង្កើតកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរលើផ្នែកដូចជា៖
- ចែករំលែកការស្រាវជ្រាវ និងការអភិវឌ្ឍន៍កម្មវិធីសិក្សារបស់ស្ថាប័នទាំងពីរ។
- កិច្ចសហប្រតិបត្តិការទៅវិញទៅមកសម្រាប់សកម្មភាពសំខាន់ៗ និងទំនាក់ទំនងសាធារណៈរបស់ស្ថាប័នទាំងពីរ។
- កិច្ចសហប្រតិបត្តិការសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ ទៅសិក្សាបន្តទៅក្នុងប្រទេសកូរ៉េ។
- ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអាជីវកម្មអប់រំនៅបរទេស រួមទាំងកិច្ចព្រមព្រៀងមួយចំនួនទៀតដែលពង្រឹងដល់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ។
ក្នុងនោះផងដែរ លោកបណ្ឌិត Lee Jaebum តំណាងអោយសាកលវិទ្យាល័យ Myongji បានផ្តល់នៅសម្ភារសិក្សាមួយចំនួន រួមមាន សៀវភៅវេជ្ជសាស្រ្តចំនួន ៨០ក្បាល ទូរទស្សន៍ ៣២អ៊ីងចំនួន ០២គ្រឿង និងកុំព្យូទ័រចំនួន ១៥គ្រឿង ដល់សាកលវិទ្យាល័យ អន្តរជាតិ ដើម្បីបំពេញតម្រូវការបន្ថែមក្នុងវិស័យអប់រំអោយកាន់តែប្រសើរឡើងថែមទៀត។