ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នឹងពានរង្វាន់ស្នាដៃស្រាវជ្រាវ និងច្នៃប្រឌិត អ៊ួន សាបូ
ភ្នំពេញ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសរុប ៣២៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមតំណាងមកពីស្ថាប័ន មន្ទីរពាក់ព័ន្ធ អាណាព្យាបាលនិស្សិត សាស្រ្តាចារ្យ គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតទាំងអស់។ ក្នុងឪកាសនោះ ក៏មានពិធីប្រគល់ជូន នៅពានរង្វាន់ ស្រាវជ្រាវ និងច្នៃប្រឌិត អ៊ួន សាបូ ចំនួន៣ក្រុម ដែលមានចំនួន ២០នាក់ផងដែរ រួមមានជ័យលាភី លេខ១ ចំនួន ៥នាក់ ជ័យលាភីលេខ២ ចំនួន ៥នាក់ និងជ័យលាភីលេខ៣ ចំនួន១០ នាក់។
ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានអញ្ចើញមានមតិសំណះសំណាលនិងរៀបរាប់អំពីស្ថានភាពនៃការបណ្តុះបណ្តាល និងការរីកចម្រើនជុំវិញសមិទ្ធផលថី្មៗដែលសាកលវិទ្យាល័យ អន្តរជាតិ សម្រេចបានទៅកាន់និស្សិត ក៍ដូចជា អ្នកចូលរួមទាំងអស់នៅក្នុងអង្គពិធីទាំងមូល និងបានធ្វើការកោតសរសើរដល់គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ ដែលបានខិតខំប្រឹងប្រែង ផលិតនូវ ធនធានមនុស្សរហូតទទួលបានលទ្ធផលការងារខ្ពស់ និងជួយរូមចំណែកការកសាងស្តារនិងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើន។
បន្ទាប់ពីបានថ្លែងសន្ទរថានិងធ្វើការសំណះសំណាលចប់ ឯកឧត្តមរដ្ឋមន្រី្តក៏បានធ្វើការចែកពានរង្វាន់ស្រាវជ្រាវនិង សញ្ញាបត្រជូនដល់និស្សិតជ័យលាភីលើវេទិកាដែលស្ថិតនៅក្នុងបរិយាកាសរីករាយនិងស្និតស្នាលក្រៃលែង។